ព័ត៌មានជាតិ

គណៈបញ្ជាការឯកភាពក្រុងសំពៅពូន ចុះបង្ក្រាបទីតាំងបទល្មើស Online Scams មួយកន្លែង ឃាត់ខ្លួនជនជាតិវៀតណាម ២១ នាក់

ខេត្តកណ្ដាល៖ ក្រោមការចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ពី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងសំពៅពូន ដឹកនាំលោក អេង សុវិចិត្រ អភិបាល នៃគណៈអភិបាលក្រុងសំពៅពូន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង បានធ្វើការចុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ចំនួន១ ទីតាំង ស្ថិតនៅភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន។ ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះដែរ បានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមចំនួន ២១នាក់ ស្រី០២នាក់ និងដកហូតវត្ថុតាង កុំព្យូទ័រលើតុចំនួន ៤៨គ្រឿង, កុំព្យូទ័រយួរដៃ(Laptop) ០៣គ្រឿង និងទូរស័ព្ទដៃចំនួន ០៩គ្រឿង ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់។

គួរបញ្ជាក់ផងដែរថា ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ខេត្តកណ្ដាល ក្រោមការដឹកនាំរបស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងមានសមត្ថកិច្ច ពិសេសអាជ្ញាធរក្រុង-ស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយចុះធ្វើរដ្ឋបាលចំហរជាប្រចាំ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីធានាបានថា ក្នុងមូលដ្ឋានរបស់ខ្លួនមិនមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ឡើយ។

បន្ថែមពីនេះឯកឧត្តមអភិបាលខេត្តកណ្ដាល តែងតែបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការសង្ស័យ ឬបានដឹងថាមានទីតាំងណាលួចលាក់ប្រព្រឹត្ត Online Scams សូមរាយការណ៍មកអាជ្ញាធរពាក់ព័ន្ធ ដើម្បីមានវិធានការបង្ក្រាបឱ្យបានទាន់ពេលវេលា ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល យ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ឱ្យអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ហើយប្រជាពលរដ្ឋដែលបានរាយការណ៍ អាជ្ញាធរនិងរក្សាការសម្ងាត់ ព្រមទាំងផ្ដល់នូវរង្វាន់លើកទឹកចិត្ត ប្រសិនបើការរាយការណ៍ឈានទៅដល់ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)។

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

Leave a Reply

Your email address will not be published.