
ខេត្តបាត់ដំបង៖ស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការខេត្តបាត់ដំបង កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងក្នុងផែនសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធចុះអនុវត្តត្រួតពិនិត្យចល័ត បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀននិងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្រ្ត ស្រុកភ្នំព្រឹក ។
កិច្ចចុះប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចបានចុះអនុវត្តទៅលើ០២គោលដៅផ្សេងគ្នា ដែលគោលដៅទី០១ នៅតាមបណ្តោយផ្លូវលេខ 59B ស្ថិតក្នុងក្រុមទី៥ ភូមិពេជ្រចិន្តា ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ដោយបានពិនិត្យទៅលើរថយន្តធុនធំ ចំនួន ៩៥គ្រឿង រថយន្តធុនតូច ១៣៥គ្រឿង និងម៉ូតូ ៤៤គ្រឿង និងគោលដៅទី០២ នៅតាមបណ្តោយផ្លូវលេខ57B ស្ថិតក្នុងក្រុមទី៦ ភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ដោយបានពិនិត្យទៅលើរថយន្តធុនធំ ចំនួន ៧៧គ្រឿង រថយន្តធុនតូច ១៤២គ្រឿង និងម៉ូតូ ចំនួន២៧គ្រឿង សរុបទាំងអស់ ៤៤៩គ្រឿង ។
ជាមួយកិច្ចប្រតិបត្តិការខាងលើនេះសមត្ថកិច្ចបានរកឃើញអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀនចំនួន ០៤នាក់ ក្នុងនោះជនជាតិថៃ០១នាក់រក្សាទុកថ្នាំញៀន ប្រភេទមេតំហ្វេតាមីន(WY)ចំនួន០៨គ្រាប់ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕





