ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អស់កង្វល់ ពេលឮព័ត៌មានថា ថៃមិនមានបំណងបណ្ដេញ ពលករកម្ពុជា ចេញពីប្រទេសខ្លួន

ភ្នំពេញ៖ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ សម្តេចអគ្តមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរ នៅពេលដែលទទួលបានព័ត៌ មានថាប្រទេសថៃ មិនមានបំណង បណ្ដេញពលករកម្ពុជា ចេញពីប្រទេសរបស់ខ្លួនទេ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី ជិត ២០.០០០ នាក់ មកពីរោងចក្រ សហគ្រាស ចំនួន៥ ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ នេះ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ខ្ញុំក៏សុំអបអរសាទរជាមួយនឹងព័ត៌ មាន ដែលទទួលបានពីព្រះរាជាណាចក្រថៃ ដែលមុននេះ ខ្ញុំបានបង្ហាញពីកង្វល់ស្ដីអំពី “បក្សឆ្ពោះទៅមុខ” របស់ថៃ ដែលមានបំណងបណ្ដេញកម្មករឡាវ និងកម្មករកម្ពុជា ចេញពីប្រទេសថៃ…។ តែម្សិលមិញ មានការបញ្ជាក់យ៉ាងជាក់លាក់ថា គឺអត់មានទេ គេនឹងសម្រួលឲ្យថែមទៀតផង បើដូច្នេះគឺយើង លែងកង្វល់ជាមួយនឹងការចាកចេញ របស់កម្មករ កម្មការនីរបស់យើង ដែលកំពុងធ្វើការ ក្នុងប្រទេសថៃហើយ»។
សម្ដេចតេជោ ហ៊ុន សែន បានបន្តថា សម្ដេច ត្រូវតែឈឺឆ្អាលចំពោះព័ត៌មាន ទាក់ទងនឹងការបណ្ដេញចេញ ឬបញ្ឈប់ការងារ ឬក៏បាត់បង់អត្ថប្រយោជន៍ ពលកររបស់កម្ពុជា ដែលធ្វើការងារនៅក្រៅប្រទេស។ សម្ដេចតេជោ ហ៊ុន សែន បានអំណរគុណ ចំពោះការបញ្ជាក់របស់ភាគីថៃថា ពុំមានបំណងបណ្ដេញពលករកម្ពុជា ចេញពីប្រទេសរបស់ខ្លួននោះ៕

Leave a Reply

Your email address will not be published.