
ភ្នំពេញ ៖ យោងតាមព័ត៌មានបឋមបានឱ្យដឹងថា សមត្ថកិច្ចជាច្រើននាក់ បានចុះទៅដល់ទីតាំងចំណុចកើតហេតុ ក្រោយពលរដ្ឋរាយការណ៍ថា មានករណីប្លន់យកទ្រព្យសម្បត្តិ អស់ប្រហែល២០ម៉ឺនដុល្លារ ខណៈកំពុងធ្វើដំណើរចេញពីផ្ទះ ទៅលក់មាស នៅផ្សារស្ទឹងមានជ័យ(ចាស់) ។
ជនរងគ្រោះជាប្រពន្ធមានឈ្មោះ អ៊ុង ផល្លា អាយុ៥២ឆ្នាំ មានមុខរបរជាអ្នកលក់មាសនិងប្តូរប្រាក់ ក្នុងផ្សារស្ទឹងមានជ័យចាស់ តូបលេខ៥០ និងប្ដី ឈ្មោះ អន ហ៊ាកអាយុ៥៥ឆ្នាំ មុខរបរមន្ត្រីប៉ូលិសព្រំដែន បានរងរបួសបែកក្បាល ដោយស្នាប់កាំភ្លើង ។
ជនរងគ្រោះនិយាយប្រាប់សមត្ថកិច្ចថា ទ្រព្យសម្បត្តិរបស់គាត់ មានលុយនិងគ្រឿងអលង្កា សរុបប្រមាណជិត២០ម៉ឺនដុល្លារ ត្រូវបានជនប្រដាប់អាវុធ៤នាក់ ជិះម៉ូតូ២គ្រឿង បានធ្វើសកម្មភាពប្លន់យកទៅបាត់ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែឧសភាឆ្នាំ២០២៣ បន្ទាប់ពីពួកគាត់ចេញពីផ្ទះ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ធ្វើដំណើរទៅផ្សារស្ទឹងមានជ័យ ។
ជនរងគ្រោះបន្តថា ក្រុមនោះបានចាំនៅក្បែរផ្ទះ ពេលជនរងគ្រោះចេញពីផ្ទះដើរទៅផ្សារ ( ផ្ទះជនរងគ្រោះនៅជិតផ្សារ ) ក៏ស្ទុះមកឆក់ទាញយកកាបូប រួចបាញ់មួយគ្រាប់ និងយកកាំភ្លើងវាយក្បាលបុរសជាប្ដី របួសដេរជាច្រើនថ្នេរ ហើយជិះគេចខ្លួនអស់ ។
ក្រោយទទួលបានករណីនេះ សមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថ បានចុះទៅដល់ផ្ទះជនរងគ្រោះ និងត្រួតពិនិត្យ ចំណុចកើតហេតុ ដើម្បីស្វែងរកក្រុមជនល្មើស៕ ដោយ ៖ គា សំណាង





