ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កងរាជអាវុធហត្ថខេត្តបានបញ្ជូនជនសង្ស័យម្នាក់ទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់ ករណីឆបោក (តាមប្រព័ន្ធហ្វេសប៊ុក)

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ កងរាជអាវុធហត្ថខេត្តបានបញ្ជូនជនសង្ស័យម្នាក់ទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់ ករណីឆបោក (តាមប្រព័ន្ធហ្វេសប៊ុក) ។
ឃាត់ខ្លួនជនសង្ស័យ ហើយនាំមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អនុវត្តតាមដីការបស់តុលាការខេត្ត ករណីឆបោក (តាមប្រព័ន្ធហ្វេសប៊ុក) ប្រព្រឹត្តកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ។

យោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ ស៊ិន រ៉ាស៊ី ភេទប្រុស អាយុ ៥៣ឆ្នាំ មានទីលំនៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា ជនសង្ស័យឈ្មោះ សូ សុផាត ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិអ្នកតាហាង ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ វត្ថុតាងចាប់យករួមមាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឈ្មោះ សូ សុផាត លេខ040075791(01) ចំនួន ០១សន្លឹក។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបញ្ជាក់ឱ្យដឹងថា៖ ជនសង្ស័យបានបង្កើតគណនីហ្វេសប៊ុកឈ្មោះ Eh Ma បង្ហោះលក់ទូរស័ព្ទ ម៉ាក Iphone 14pro max លើបណ្ដាញហ្វេសប៊ុក ពេលនោះជនរងគ្រោះមានការចាប់អារម្មណ៍ក៏បានឆាតទំនាក់ទំនងទិញទូរស័ព្ទក្នុងតម្លៃ ៧៨០ដុល្លារ ដោយជនរងគ្រោះបានវេរប្រាក់តាមរយៈភ្នាក់ងារ វីង ឱ្យទៅម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Eh Ma តាមរយៈលេខទូរសព្ទ ០៦៧ ៧២៧ ០៣៥ និងបានថតវិក្កយប័ត្រក្រដាសវីងផ្ញើឱ្យម្ចាស់គណនីហ្វេសប៊ុកខាងលើ ។

ក្រោយមកម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Eh Ma នេះបានប្រាប់ថា រូបគេឈប់លក់ទូរស័ព្ទក្នុងតម្លៃ៧៨០ដុល្លារហើយ គឺលក់ក្នុងតម្លៃ៨៨០$ដុល្លារ ហើយឱ្យជនរងគ្រោះវេលុយឱ្យរូបគេបន្ថែមចំនួន១០០$ទៀត ដោយជនរងគ្រោះមានការសង្ស័យក៏ប្រកែកតវ៉ាមិនព្រម និងឱ្យជនសង្ស័យផ្ញើលុយចំនួន៧៨០$ត្រឡប់មកឱ្យខ្លួនវិញ។ កន្លងហួសច្រើនថ្ងៃនៅតែមិនឃើញម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Eh Ma វេរលុយមកឱ្យខ្លួនវិញ ទើបសម្រេចចិត្តដាក់ពាក្យបណ្តឹងតែម្តង។

ក្រោយពីទទួលបានពាក្យបណ្តឹង សាលាដំបូងខេត្តបន្ទាយមានជ័យ បានចេញលិខិតកោះហៅជនសង្ស័យដើម្បីចូលខ្លួនបំភ្លឺ តែជនសង្ស័យមិនព្រមចូលខ្លួនតាមការកោះហៅ ទើបអយ្យការ អមសាលាដំបូងខេត្តចេញដីកាបញ្ជាឱ្យចាប់ខ្លួន ៕

Leave a Reply

Your email address will not be published.