
ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលបានប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារA សាលាខេត្ត រសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម ញ៉ែម សំអឿនអភិបាលខេត្តរតនគិរី និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់បទបញ្ជាយ៉ាងមុឹងម៉ាត់ អោយរដ្ឋបាលក្រុងស្រុកទាំង៩ ក្នុងខេត្តរតនគិរី ត្រូវបន្តការពង្រឹងការអនុវត្តច្បាប់បទបញ្ជារបស់រាជរដ្ឋាភិបាលសំដៅលើកកម្ពស់ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការទប់ស្កាត់ និងបង្រ្កាបក្មេងទំនើង និងបទល្មើសគ្រឿងញៀន បទល្មើសព្រៃឈើ សត្វព្រៃ ក្នុងភូមិសាស្ត្ររបស់ខ្លួនអោយមានប្រសិទ្ធភាព។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដមអភិបាលខេត្ក បានធ្វើការណែនាំ ដល់អាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងមានសមត្ថកិច្ច ត្រូវបន្តអប់រំផ្សព្វផ្សាយដល់សិស្សានុសិស្សនៅតាមសាលារៀនអោយយល់ដឹងអំពីផលវិបាកនៃការប្រើប្រាស់គ្រឿងញៀន និងបញ្ហាក្មេងទំនើង។ ជាពិសេសត្រូវរៀបចំផែនការ និងកំណត់មុខសញ្ញារបស់ក្មេងទំនើង និងបទល្មើសគ្រឿងញៀន នៅតាមទីតាំងនានាដែលក្រុមទាំងនេះតែងតែធ្វើសកម្មភាព។
ឯកឧត្តមបានបញ្ជាក់ថា គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុកទាំង៩ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវលើបញ្ហានេះ ហើយរាល់ការចុះបង្ក្រាបត្រូវធ្វើដោយគ្មានការលើកលែង ត្រូវរាយការណ៍មកថ្នាក់លើ មានកិច្ចសហការគ្នាឲ្យបានល្អជាមួយនឹងស្ថាប័នពាក់ព័ន្ធ ក្នុងករណីចាំបាច់ត្រូវស្នើសម្របសម្រួលពីព្រះរាជអាជ្ញា៕





