
ខេត្តក្រចេះ៖ នៅថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋបាលខេត្តក្រចេះ បានរៀបចំពិធីចាប់ឆ្នោតជ្រើសរើសយកដីឡូតិ៍លំនៅឋាន និងដីឡូតិ៍កសិកម្ម នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ស្ថិតនៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ក្រោមអធិបតីភាព ឯកឧត្តម សូ ខនឫទ្ធីគុណ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការដឹកនាំ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការដឹកនាំគម្រោង ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ និងឯកឧត្តម ឈួន សំរិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឯកឧត្តម វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានសម្រេចផ្តល់ដីសម្រាប់អនុវត្តគម្រោង LASED III តាមរយៈអនុក្រឹត្យលេខ ៣៣២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយកាត់ផ្ទៃដីទំហំ ៨៤៥,១១ហិកតា ចេញពីស្ថានីយ៍ ផ្សព្វផ្សាយ និងស្តារព្រៃឈើក្បាលដំរី ស្ថិតនៅក្នុងឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ហើយបានធ្វើអនុបយោគពីដីសាធារណៈរបស់រដ្ឋ មកជាដីឯកជនរបស់រដ្ឋសម្រាប់អនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ចបែង ចែកជូនប្រជាពលរដ្ឋស៊ីវិលក្រីក្រ និងខ្វះខាតដីពិតប្រាកដ។ គណៈកម្មាធិការប្រើប្រាស់ និងបែងចែកដីរដ្ឋថ្នាក់ខេត្ត បានរៀបចំផែនការប្រើប្រាស់ដី និងអនុម័តកាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ដោយបានបែង ចែកជាដីឡូតិ៍លំនៅឋាន និងដីឡូតិ៍កសិកម្ម ដែលកំពុងរៀបចំចាប់ឆ្នោតជូនមុខសញ្ញាអ្នកទទួលដីចំនួន៣២០គ្រួសារ។
ក្នុងនោះ ១)-ដីឡូតិ៍លំនៅឋានចំនួន៣១០ឡូតិ៍ ទំហំ ៣០ម៉ែត្រ x ៥០ម៉ែត្រ ស្មើនឹង ៤៦,៥០ហិកតា ២)-ដីឡូតិ៍កសិកម្មចំនួន ២៨៦ឡូតិ៍ ទំហំ ២ហិកតា ក្នុង១ឡូតិ៍ ស្មើនឹង ៥៧២ហិកតា ៣)-បានកំណត់ផ្លូវតភ្ជាប់ ១ខ្សែ ពីផ្លូវជាតិលេខ៧ ទៅទីតាំងដីសម្បទានសង្គមកិច្ច ដែលមានប្រវែងសរុប ១.៦៣០ម៉ែត្រ ៤)-បានកំណត់ផ្លូវមេទំហំ ៣០ម៉ែត្រ ក្នុងតំបន់ដីលំនៅឋានចំនួន ២ខ្សែ មានប្រវែងសរុប ៤.២៩៤ ម៉ែត្រ ៥)-បានកំណត់ទំហំផ្លូវមេទំហំ ៣០ម៉ែត្រ ក្នុងតំបន់ដីកសិកម្មចំនួន ២ខ្សែ មានប្រវែងសរុប ២.០៦៧ម៉ែត្រ ៦)-បានកំណត់ផ្លូវរងទំហំ ២៤ម៉ែត្រ ក្នុងឡូតិ៍តំបន់លំនៅឋាន និងកសិកម្មចំនួន ៩ខ្សែ មានប្រវែងសរុប៣០.០៦៥ម៉ែត្រ៕
ប្រភព៖ រដ្ឋបាលខេត្តក្រចេះ





