
កោះកុង÷ មន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានរៀបចំបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តកោះកុង អាណត្តិទី ៣ លើកទី១ ដើម្បីជ្រើសរើសយកសមាជិកចំនួន ៨រូប បន្ថែម ក្នុងចំ ណោមបេក្ខជនឈរឈ្មោះ ១១ រូប។ និងបន្តបោះឆ្នោតសម្ងាត់ជ្រើសតាំងប្រធានសភាពាណិជ្ជកម្មខេត្ត ១ រូប ដើម្បីដឹកនាំសភាពាណិជ្ជកម្មខេត្តកោះកុង ត្រូវបានជាប់ លោក ចាង ជីមីង ជាប្រធានសភាចាស់ដដែល។
ការរៀបចំបោះឆ្នោតខាងលើនេះត្រូវបានធ្វើឡើងពេញមួយថ្ងៃ នៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៣ នៅមន្ទីរពាណិជ្ជកម្មខេត្តកោះ កុង ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ចូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោកជំទាវ មិថុនា ភូថងអភិបាល នៃគណៈអភិបាលខេត្តកោះកុង។
លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានមាន ប្រសាសន៍ ថ្លែងអបអរសាទរដល់សមា ជិកសភាពាណិជ្ជកម្មខេត្តកោះកុងទាំងអស់ ដែលបានជាប់ឆ្នោតទាំង ១៥ រូប ។
លោកជំទាវថ្លែងសង្ឃឹមថា សមាជិកសភាទាំង ១៥ រូប ប្រមូលផ្ដុំនៅចំណេះដឹង និងជំនាញផ្ទាល់ៗខ្លួន ដើម្បីចូលរួមអភិវឌ្ឍន៍ខេត្ត ក៏ដូចជាគាំទ្រដល់ពាណិជ្ជកម្មខេត្ត។
លោកជំទាវថ្លែងបន្ថែមថា បើទោះបីប្រទេស ជាតិជួបវិបត្តិកូវីដ-១៩ លោក ចាង ជីមីង ប្រធានសភាពាណិជ្ជកម្មខេត្ត នៅតែបន្តកៀរគោអ្នកវិនិយោគ មកវិនិយោគក្នុងខេត្តជាបន្តបន្ទាប់ ។
ឯកឧត្តម ម៉ៅ ចូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជំរុញដល់ប្រធានសភាចាស់ ដែលបោះឆ្នោតជាប់ជាប្រធានសភាថ្មី និងសមាជិកនៃសភាពាណិជ្ជកម្មសាខាខេត្ត កោះកុង ត្រូវបន្តរៀបចំកម្មវិធីការងារ ជាមួយសមាជិកចាស់ និងទាំងសមាជិកថ្មី តាមរយៈកៀងគរអ្នកវិនិយោគឲ្យបានកាន់តែច្រើន។ កុំគិតពីខ្លួនឯងពេក ត្រូវផ្ដោតការយកចិត្តទុកដាក់ខ្ពស់ពីប្រយោជន៍រួម របស់សភាពាណិជ្ជកម្ម ដែលអាជីវករគាំទ្រ ។
ឯកឧត្តម រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា សភាពាណិជ្ជកម្ម មានតួនាទីលើវិស័យស្នូលសំខាន់ ៤ ដែលសភាពាណិជ្ជកម្មខេត្តចាំបាច់អនុវត្តនោះ គឺវិស័យពាណិជ្ជកម្ម. កសិកម្ម. សេវាកម្ម. នឹងឧស្សាហកម្ម។ វិស័យទាំងបួននេះ យើងមិនអាចខ្វះវិស័យណាមួយបានទេ ប្រទេសណាក៏ដូចគ្នា ដូច្នេះវិស័យទាំងបួននេះ ដើម្បីឱ្យរីក ចម្រើន យើងត្រូវឱ្យដើរទន្ទឹមគ្នា៕ ដោយ ញុឹប សន





