តាកែវ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ បានណែនាំដោយទទូចដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាយថាហេតុចំពោះគ្រោះមហន្តរាយដែលបង្កឡើងដោយជំនន់ទឹកភ្លៀង និងខ្យល់កន្ត្រាក់ ជាពិសេសនៅតំបន់ងាយរងគ្រោះ។ ការផ្ដាំផ្ញើនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋ ១០០ គ្រួសារ ដែលជួបបញ្ហាទឹកជំនន់ នៅឃុំកំណប់ ស្រុកគិរីវង់ ខេត្តតាកែវ កាលពីព្រឹកថ្ងៃអង្គារ ទី០៧ ខែតុលា ឆ្នាំ២០២៥។
ឯកឧត្តម វ៉ី សំណាង បានលើកឡើងពីការកើនឡើងនូវកម្រិតទឹកភ្លៀង និងគ្រោះធម្មជាតិនៅតាមបណ្ដាប្រទេសជិតខាង ដែលអាចមានផលប៉ះពាល់មកដល់ខេត្តតាកែវផងដែរ។ ដូច្នេះហើយ ឯកឧត្តមបានសង្កត់ធ្ងន់ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ឱ្យកចិត្តទុកដាក់ក្នុងការត្រៀមរៀបចំផែនការ សម្ភារ និងមធ្យោបាយ សម្រាប់អន្តរាគមន៍ទាន់ពេលវេលា ត្រៀមរៀបចំទីទួលសុវត្ថិភាពឱ្យបានសមរម្យ សម្រាប់ជម្លៀសប្រជាពលរដ្ឋនៅពេលមានគ្រោះមហន្តរាយកើតឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
អំណោយដែលបានប្រគល់ជូនក្នុងមួយគ្រួសារៗ រួមមាន៖ អង្ករ ២៥ គីឡូក្រាម, មី ១ កេស, ទឹកត្រី ៣ ដប, ទឹកស៊ីអ៊ីវ ៣ ដប, កន្ទេល ១, មុង ១, ភួយ ១, និងថវិកា ២ ម៉ឺនរៀល។
បន្ទាប់ពីបញ្ចប់កម្មវិធីនៅស្រុកគិរីវង់ ឯកឧត្តម វ៉ី សំណាង ក៏បានបន្តដឹកនាំក្រុមការងារអនុសាខាកាកបាទក្រហមស្រុកទ្រាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកទ្រាំង ទៅប្រគល់ជូនគ្រួសារវីរៈកងទ័ពមួយគ្រួសារដែលរស់នៅភូមិក្រាំងឈើនៀង ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវផងដែរ ដោយអំណោយសម្រាប់គ្រួសារវីរកងទ័ពនេះរួមមាន៖ អង្ករ ៥០ គីឡូក្រាម, មី ៣ កេស, ត្រីខ ១ យួរ, ទឹកត្រី ៩ ដប, ទឹកស៊ីអ៊ីវ ១៥ ដប, ប្រេងឆា ១ លីត្រ, ទឹកសុទ្ធដបធំ ១ កេស, នំ ១ ប្រអប់, កន្ទេល ១, មុង ១, ភួយ ១, សារុង ១, ក្រមា ១, ព្រមទាំងថវិកាសរុប ៣៥ ម៉ឺនរៀល (ថវិកាសាខា ៥ ម៉ឺនរៀល, អនុសាខា ២០ ម៉ឺនរៀល, និងថវិកាលោក លីវ សំណាង សមាជិកគណៈកម្មាធិការសាខា ១០ ម៉ឺនរៀល)៕
ប្រភព៖ រដ្ឋបាលខេត្តតាកែវ