ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានណែនាំដល់អាជ្ញាធរ មន្ទីរ អង្គភាព និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់បំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ លើកកម្ពស់ការផ្ដល់សេវាសាធារណៈ ជំរុញអនុវត្តគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព បង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ខិតខំជំរុញការអភិវឌ្ឍនៅមូលដ្ឋាន បន្តរៀបចំវេទិកាការងារដើម្បីស្វែងរកការងារជូនដល់បងប្អូនពលករដែលត្រឡប់មកពីប្រទេសថៃ ក៏ដូចជាប្រជាពលរដ្ឋទូទៅ បន្តយកចិត្តទុកដាក់តាមដានស្ថានភាពទឹកជំនន់ ព្រោះទឹកទន្លេនៅឆ្នាំនេះធំជាងឆ្នាំមុន ហើយត្រូវត្រៀមចាត់វិធានការឆ្លើយតបឱ្យបានទាន់ពេលវេលាក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងបន្តយកចិត្តទុកដាក់ចំពោះបញ្ហាសំខាន់ៗមួយចំនួនទៀត។
ការណែននាំរបស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ នាព្រឹកថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង កិច្ចប្រជុំនេះមានការចូលរួមពីអភិបាលរងខេត្ត នាយករងរដ្ឋបាល ថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងទាំងបី ថ្នាក់ដឹកនាំក្រុង ស្រុក នាយកទីចាត់ការ និងមន្ត្រីពាក់ព័ន្ធ៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង