ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ដឹកនាំប្រតិភូក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ មហាឧបាសិកា ចាន ឡុញ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូរណសិរ្ស ចូលរួមគោរពវិញ្ញាណក្ខន្ធ មហាឧបាសិកា ចាន ឡុញ ស្ថិតនៅក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកអង្គរបុរី ខេត្តតាកែវ នារសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥។
មហាឧបាសិកា ចាន ឡុញ ដែលត្រូវជាម្ដាយក្មេករបស់ ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក ជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ និងជាអនុប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានទទួលមរណភាពកាលពីថ្ងៃអង្គារ ៧រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ៤:៤៨នាទីព្រឹក ក្នុងជន្មាយុ ៨៤ឆ្នាំ ដោយជរាពាធ។
នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានចូលរួមរំលែកមរណទុក្ខាជាមួយ ឯកឧត្តម ហ៊ឺ បាវី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ។ មរណភាពរបស់ មហាឧបាសិកា ចាន ឡុញ គឺជាការបាត់បង់ម្ដាយ ម្ដាយក្មេក ជីដូន ប្រកបដោយព្រហ្មវិហារធម៌ ជាទីគោរពស្រលាញ់បំផុត ដែលពេញមួយជីវិតរបស់ ឧបាសិកា បានបូជាកម្លាំងកាយ កម្លាំងចិត្ត បញ្ញា ស្មារតីក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងផ្តល់ដំបូន្មានល្អៗដល់កូន ក្មួយ និងចៅៗ ឱ្យក្លាយទៅជាធនធានមនុស្សដ៏មានតម្លៃប្រកបដោយគុណធម៌នៅក្នុងសង្គមជាតិ និងជាការបាត់បង់នូវពុទ្ធសាសនូបត្ថម្ភក៍ដ៏ល្អមួយរូបដែលបានចូលរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនាខ្មែរ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានឧទ្ទិសបួងសួងដល់តេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ មហាឧបាសិកា ចាន ឡុញ បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

Leave a Reply

Your email address will not be published.