ព័ត៌មានជាតិ

ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញប្រគល់ផ្ទះមួយខ្នង ជូនស្រ្តីមេម៉ាយ ដែលរងគ្រោះដោយសារដើមឈើរលំសង្កត់ និងមានជីវភាពលំបាក នៅក្រុងសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះមួយខ្នងជូនគ្រួសារលោកស្រី នួន សុភី ភេទស្រី អាយុ ៥២ឆ្នាំ ជាស្រ្តីមេម៉ាយ ផ្ទះត្រូវបានរងគ្រោះដោយដើមឈើរលំសង្កត់ កាលពីពេលកន្លងទៅ និងមានជីវភាពលំបាក នៅភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

 

ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកជំទាវ នួម សុភ័ណ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្រុមការងារ សាខាកាកបាទក្រហមខេត្ត អនុសាខាកាកបាទក្រហមកម្ពុជាក្រុង សង្កាត់ ភូមិ ក្រុមការងារយុវជនបងប្អូនប្រជាពលរដ្ឋបានចូលរួមផងដែរ។

 

‎សូមបញ្ជាក់ថា ដោយពិនិត្យឃើញថាគ្រួសារលោកស្រី នួន សុភី ភេទស្រី អាយុ ៥២ឆ្នាំ មានលក្ខណៈសម្បត្តិសមស្របតាមលក្ខខណ្ឌដែលសាខាកំណត់ ជាស្ត្រីមេម៉ាយ រស់នៅក្នុងសភាពក្រីក្រ និងផ្ទះរបស់គាត់ត្រូវបានរងគ្រោះដោយដើមឈើរលំសង្កត់បាក់សំយ៉ាបខាងមុខកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ស្នាក់នៅជាអចិន្ត្រៃយ៍ក្នុងបន្ទុកចំនួន៩នាក់ស្រី៤នាក់។

 

គណៈកម្មាធិការសាខា មន្ត្រីសាខាបានសហការណ៍ចាប់ ផ្តើមសាងសង់ផ្ទះថ្មីមួយខ្នង មានទំហំទទឹង៤ម៉ែត្រ បណ្តោយ៧ម៉ែត្រ កម្ពស់៣.៨ម៉ែត្រ សង់ពីដែក ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី បាតចាក់ស៊ីម៉ងត៍(សាប)សង់ផ្ទាល់ដី (ផ្ទះតៀម) ដោយបានចាប់ផ្តើមសង់នៅថ្ងៃទី១៦ ខែតុលា និងបញ្ចប់នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ មានរយៈពេល០៤ថ្ងៃ បានរួចរាល់ជាស្ថាពរ។

 

ផ្ទះថ្មីខាងលើនេះ គឺជាផ្ទះមនុស្សធម៌របស់សាខា មានលក្ខណៈសមរម្យ រឹងមាំ ដែលអាចកាត់បន្ថយភាពងាយរងគ្រោះបានមួយកម្រិត ហើយក៏ជាផ្ទះទី២៤ ដែលបានសង់ផ្ទះជូនគ្រួសារក្រីក្រខ្វះជម្រកស្នាក់នៅ នេះពិតជាបានលើកកម្ពស់តម្លៃមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា៕

 

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

Leave a Reply

Your email address will not be published.