ព័ត៌មានជាតិ

ឯកឧត្តម វ៉ី សំណាង អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ នាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់ក្រុមគ្រួសារវីរកងទ័ពភៀសសឹក និងគ្រួសារស៊ីវិលភៀសសឹក ចំនួន ២៤៤គ្រួសារ

តាកែវ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ នាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់ក្រុមគ្រួសារវីរៈកងទ័ពភៀសសឹក និងគ្រួសារស៊ីវិលភៀសសឹក ចំនួន ២៤៤គ្រួសារ មកស្នាក់នៅជាបណ្តោះអាសន្នក្នុងស្រុកកោះអណ្តែត។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានចាត់ទុកការឈ្លានពានរបស់ថៃមកលើកម្ពុជាមានលក្ខណៈសាហាវព្រៃផ្សៃជាទីបំផុត និងបានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះ ទង្វើអមនុស្សធម៌ដ៏សាហាវយង់ឃ្នង របស់យោធាថៃ ដែលបានឈ្លានពាន មកលើអធិបតេយ្យភាពកម្ពុជា ជាពិសេសបានបន្តបាញ់ប្រហារមកលើប្រជាជនស៊ីវិល ។

ឯកឧត្តមអភិបាលខេតតាកែវ បានមានប្រសាសន៍បន្តថា ការឈ្លានពានរបស់ថៃ ដោយបានប្រើប្រាស់អាវុធធុនតូច និងធុនធំ ដោយកំរោល និងមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃ បានធ្វើឱ្យប្រជាជនស៊ីវិលកម្ពុជា មួយចំនួនស្លាប់ និងរងរបួស ផ្ទះសម្បែងជាច្រើនខ្នងត្រូវបានបំផ្លាញ សិស្សសាលា ក្មេងចាស់ ប្រុសស្រីត្រូវបង្ខំចិត្តភៀសខ្លួនរកទីកន្លែង សុវត្ថិភាពបណ្តោះអាសន្ន។

 

ឯកឧត្តម វ៉ី សំណាង ក៏បានអំពាវនាវឱ្យភាគីថៃ ងាកមកគោរព កិច្ចព្រមព្រៀងបទឈប់បាញ់ សេចក្ដីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយ នៅក្រោមច្បាប់អន្ដរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ ព្រមទាំងប្រកាន់ខ្ជាប់នូវការដោះស្រាយ ជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្ដរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការប្រើប្រាស់កម្លាំងអាវុធ សំដៅស្វែងរកដំណោះស្រាយមួយប្រកបដោយយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

Leave a Reply

Your email address will not be published.