
ប៉ៃលិន៖ នៅថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមក្នុងពិធី ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្កិ ជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរងនគរបាលជាតិ និងមានការអញ្ជើញចូលរួមពី ប្រតិភូអមដំណើរ និងថ្នាក់ដឹកនាំ មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។
ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញមានប្រសាសន៍ផ្តាំផ្ញើ និងណែនាំដល់មន្ត្រីដែលទទួលបានការផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្កិថ្មី ឱ្យបន្តខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដោយមានស្មារតីទទួលខុសត្រូវខ្ពស់ ស្មោះត្រង់ និងគោរពវិន័យវិជ្ជាជីវៈ ដើម្បីបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ។
ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យមន្ត្រីទាំងអស់បន្តរួមសហការគ្នា ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាពសង្គម នៅក្នុងភូមិសាស្ត្រខេត្តប៉ៃលិនឱ្យមានភាពស្ថិតស្ថេរ និងមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន





