
ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំព្រឹត្តិការណ៍រត់អបអរសាទរទិវា នៃក្តីស្រឡាញ់១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ក្រោមធិបតីភាព ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីសំណាក ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងមន្ទីរពាក់ព័ន្ធ។
ក្នុងកម្មវិធីរត់ប្រណាំងនេះ មានអ្នកចូលរួមពីមន្ត្រីរាជការ និងប្រជាពលរដ្ឋប្រមាណជាង ២៥០០នាក់ ដោយរត់រយៈចម្ងាយ ៥គីឡូម៉ែត្រ និង៣គីឡូម៉ែត្រ។
សូមជម្រាបថា គោលបំណង នៃការរៀបចំកម្មវិធីរត់អបអរសាទរទិវា នៃក្តីស្រឡាញ់ ១៤ខែកុម្ភៈ គឺដើម្បីផ្សព្វផ្សាយសេចក្តីស្រឡាញ់សម្រាប់មនុស្សជាតិ សម្រាប់សង្គម សម្រាប់ក្រុមគ្រួសារ សម្រាប់គូរស្រករ ចូលរួមផ្សព្វផ្សាយទេសចរណ៍ក្នុងខេត្ត និងចូលរួមចំណែកធ្វើសប្បុរសធម៌។ សរុបមកការរៀបចំព្រឹត្តិការណ៍រត់អបអរសាទរទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ ឆ្នាំ២០២៦នេះ គឺចង់បង្ហាញខ្លឹមសារអប់រំសំខាន់បំផុតគឺ ការបង្វែរការយកចិត្តទុកដាក់របស់យុវវ័យពី “បុណ្យសង្សារ” ទៅជាថ្ងៃនៃការបង្ហាញពីក្តី ស្រឡាញ់តាមបែបផែនដ៏ថ្លៃថ្នូរ មានសីលធម៌ និងការទទួលខុសត្រូវខ្ពស់ចំពោះខ្លួនឯង គ្រួសារ និងសង្គមជាតិ។ ជាពិសេស គឺដើម្បីបង្កើនសាមគ្គីភាព ចំណងមិត្តភាព ចែករំលែកក្តីស្រឡាញ់ លើកកម្ពស់សកម្មភាពកីឡាចូលរួមរត់លេងសប្បាយ មនុស្សម្នាក់ចូលរួមលេងកីឡាមួយប្រភេទ និងជំរុញសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ចលើកកម្ពស់ជីវភាព និងប្រាក់ចំណូលប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល





