ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តរបស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី

រតនគិរី៖ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានអញ្ជើញដឹកនាំកិច្ចប្រជុំ “បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តរបស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី” ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយក្នុងនោះមានសមាសភាពចូលរួមពី លោក-លោកស្រីស្នងការរង នាយ-នាយរងការិយាល័យ អធិការ-អធិការរងក្រុង-ស្រុកទាំង៩ មេបញ្ជាការ-មេបញ្ជារការរងវរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២៣និង២០៣ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥០ឃុំ/សង្កាត់។

 

ឆ្លងតាមរយៈការអានរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ ដោយលោកឧត្តមសេនីយ៍ត្រី ចៅ នាង ស្នងការរងផែនការងារសេនាធិការ អាចធ្វើការវាយតម្លៃក្នុងកម្រិតអតិបរមា និងមានការឯកភាពជារួមលេីលទ្ធផលនៃកិច្ចប្រតិបត្តិការផ្តោតលើសភាពការណ៍សន្តិសុខនយោបាយ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការងាររបស់ជំនាញនីមួយៗ ដោយទទួលបាននូវលទ្ធផលល្អគួរឱ្យកត់សម្គាល់ដោយគិតចាប់ពីពាក់កណ្តាលខែមករា និងដល់ពាក់ខែកុម្ភ: ឆ្នាំ២០២៦នេះ។

 

លោកឧត្តមសេនីយ៍ទោស្នងការ បានថ្លែងកោតសរសើរដល់កម្លាំងនគរបាលទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងកិច្ចប្រតិបត្តិការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ប្រកបដោយសន្តិសុខសុវត្ថិភាព ជាពិសេសក្នុងកំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមកន្លងទៅថ្មីៗនេះ ។

 

ទន្ទឹមនឹងនេះលោកស្នងការក៏បានបន្តផ្តល់ប្រសាសន៍ដឹកនាំបន្ថែមទៀតដល់ជំនាញនីមួយៗដើម្បីបន្តបេសកកម្មកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសផ្តោតលើការបង្រ្កាប និងទប់ស្កាត់ក្មេងទំនើងដែលតែងបង្ករអុកឡុកក្នុងមជ្ឈដ្ឋានសង្គម។

លោកស្នងការបានអនុញ្ញាតដល់លោកស្នងការរង និងនាយការិយាល័យជំនាញមួយចំនួនធ្វើការឡើងផ្តល់បទពិសោធន៍ និងលើកពីបញ្ហាប្រឈមលើជំនាញរបស់ខ្លួនដល់ក្នុងអង្គប្រជុំផងដែរ។

 

បន្ថែមលើនេះ លោកស្នងការបានក្រើនរំលឹកដល់កងកម្លាំងទាំងអស់ចំណុះស្នងការដ្ឋាន ត្រូវគោរពវិន័យ និងបំពេញក្រមសីលធម៌ជំនាញវិជ្ជាជីវ:អោយបានម៉ឹងម៉ាត់ ដើម្បីបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរបន្ថែមទៀត។ នៅចុងបញ្ចប់ លោកឧត្តមសេនីយ៍ទោស្នងការបានជូនពរដល់កងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ទាំងអស់ប្រកបដោយសុខភាពល្អ កម្លាំងមាំមួនក្នុងការបំពេញតួរនាទីភារកិច្ចបម្រើប្រជាពលរដ្ឋ និងសង្គមជាតិទទួលបានជោគជ័យ៕

 

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី

Leave a Reply

Your email address will not be published.