
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការសម្របសម្រួលនិងដឹកនាំទីក្រុងឆ្លាត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ អន្តរក្រសួងកម្រិតបច្ចេកទេសលើសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍទីក្រុងឆ្លាត ឆ្នាំ២០២៥-២០៣៥ នៅសណ្ឋាគារកាំបូឌីយ៉ាណា ភ្នំពេញ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវតំណាងក្រសួង ស្ថាប័ន លោក លោកស្រីតំណាងអង្គភាពចំណុះក្រសួងមហាផ្ទៃ តំណាងអង្គការ UN-HABITAT, UN-ESCAP, ដៃគូអភិវឌ្ឍន៍ អង្គការសង្គលស៊ីវិល និងមន្រ្តីពាក់ព័ន្ធប្រមាណ៩០រូប។
កិច្ចប្រជុំអន្តរក្រសួងនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីប្រមូលធាតុចូលបន្ថែមទៀត ក្នុងការលើកកម្ពស់ការងារទីក្រុងឆ្លាតនៅកម្ពុជាសម្រាប់គាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ តាមរយៈការពង្រឹងស្ថាប័ន និងគោលនយោបាយ ការសម្របសម្រួលភាពជាដៃគូរវាងរដ្ឋនិងឯកជន និងភាគីពាក់ព័ន្ធ ព្រមទាំងកសាងសមត្ថភាព និងជំនាញនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ទិន្នន័យ និងនវានុវត្តន៍។





