
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពខណ្ឌកំបូល បានចុះអនុវត្តការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងកែលម្អបរិស្ថាននៅតាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះ ដឹកនាំដោយ លោក ទ្រី ណារ៉េត អភិបាលរងខណ្ឌកំបូល ដោយមានការចូលរួមពីកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីពង្រឹងសណ្ដាប់ធ្នាប់ របៀបរៀបរយ និងលើកកម្ពស់សោភ័ណភាពបរិស្ថានតាមដងផ្លូវសាធារណៈ។
ការចុះអនុវត្តនេះ ផ្តោតសំខាន់លើការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ ការសម្អាតបរិស្ថាន និងការណែនាំដល់ប្រជាពលរដ្ឋ ព្រមទាំងអាជីវករ ឱ្យចូលរួមថែរក្សាអនាម័យ និងសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីធានាបាននូវភាពស្អាត របៀបរៀបរយ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
អាជ្ញាធរខណ្ឌកំបូល បានបញ្ជាក់ថា ការងាររៀបចំសណ្ដាប់ធ្នាប់ និងបរិស្ថាន នឹងបន្តអនុវត្តជាប្រចាំ ដើម្បីចូលរួមលើកកម្ពស់សោភ័ណភាពទីក្រុង និងបង្កើនគុណភាពរស់នៅរបស់ប្រជាពលរដ្ឋ៕





