ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ តាមដាន និងជំរុញការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព នៅរដ្ឋបាលក្រុងពោធិ៍សាត់

ពោធិ៍សាត់៖ រដ្ឋបាលក្រុងពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យ តាមដាន និងជំរុញការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ក្រោមអធិបតីភាព លោក ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីលោកស្នងការរង លោកនាយ-នាយរងការិយាល័យ ប្រធានក្រុមប្រឹក្សាក្រុង លោកអភិបាលក្រុង លោកអធិការ-អធិការរង លោកមេបញ្ជាការកងរាជអាវុធហត្ថក្រុង លោកចៅសង្កាត់ លោកនាយប៉ុស្តិ៍ លោកមេភូមិ មន្ត្រីពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋដែលជាម្ចាស់បន្ទប់ជួល ផ្ទះសំណាក់ និងសណ្ឋាគារផងដែរ។

ក្នុងឱកាសនោះ លោក ផាយ ឡេង អភិបាល នៃគណៈអភិបាលក្រុងពោធិ៍សាត់ បានអានរបាយការណ៍ស្វាគមន៍ និងបង្ហាញអំពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២៦ ដោយបានលើកឡើងពីលទ្ធផលការងារសំខាន់ៗ សមិទ្ធផលដែលសម្រេចបាន ព្រមទាំងបញ្ហាប្រឈមមួយចំនួនដែលត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា ស្នងការរងផែនការងារ សេនាធិការ បានធ្វើការវាយតម្លៃលើការអនុវត្តការងារគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព និងបានផ្សព្វផ្សាយអំពីការគ្រប់គ្រងសន្តិសុខនៅតាមទីតាំងរស់នៅប្រមូលផ្តុំ ដោយផ្តោតលើវិធានការរដ្ឋបាល វិធានការជំនាញ វិធានការមហាជន និងវិធានការច្បាប់។ លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា ក៏បានលើកឡើងពីសារៈសំខាន់នៃការគ្រប់គ្រងជនបរទេស ចេញ-ចូល និងស្នាក់នៅទាំងរយៈពេលវែង និងរយៈពេលខ្លី ការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋចំណូល និងចំណាកស្រុក ព្រមទាំងការគ្រប់គ្រងមនុស្ស មធ្យោបាយ អាវុធជាតិផ្ទុះ និងមុខរបរពិសេសផ្សេងៗ។

លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា បានសង្កត់ធ្ងន់ថា ម្ចាស់ទីតាំងបន្ទប់ជួល ផ្ទះសំណាក់ សណ្ឋាគារ និងទីតាំងផ្សេងៗដែលផ្តល់សេវាស្នាក់នៅ ត្រូវសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ច ក្នុងការផ្តល់ព័ត៌មាន និងរាយការណ៍ជាប្រចាំ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាព។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ បានធ្វើការផ្សព្វផ្សាយបន្ថែមអំពីគុណវិបត្តិ និងផលប៉ះពាល់នៃបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដែលកំពុងកើតមាន និងអាចជះឥទ្ធិពលដល់ម្ចាស់ទីតាំងបន្ទប់ជួល ផ្ទះសំណាក់ សណ្ឋាគារ និងទីតាំងស្នាក់នៅផ្សេងៗ។ លោកបានណែនាំឱ្យម្ចាស់ទីតាំងទាំងអស់ ត្រូវពិនិត្យឯកសារបញ្ជាក់អត្តសញ្ញាណរបស់ជនបរទេសឱ្យបានត្រឹមត្រូវ មុនអនុញ្ញាតឱ្យស្នាក់នៅ។

លោកអភិបាលរងខេត្ត ក៏បានលើកឡើងពីការប្រុងប្រយ័ត្នចំពោះបទល្មើសចាប់ជំរិតក្មេង និងបានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋ បន្តពង្រឹងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ ត្រូវបន្តបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ជាពិសេសបញ្ហាក្មេងទំនើង បទល្មើសគ្រឿងញៀន និងបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់

Leave a Reply

Your email address will not be published.