ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញជាអធិបតី ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន ៧រូប នៅទីស្ដីការក្រសួងមហាផ្ទៃ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានមានប្រសាសន៍ថា ឯកឧត្តមមានជំនឿចិត្តយ៉ាងមុតមាំថា នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ទាំង៧រូប ដែលត្រូវប្រកាសផ្ទេរភារកិច្ច និងចូលកាន់តំណែងនាពេលនេះ នឹងខិតខំពុះពារដឹកនាំអង្គភាពឱ្យបានល្អ និងទទួលបានជោគជ័យដូចអ្វីដែលបានធ្វើការប្តេជ្ញាចិត្ត។ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានណែនាំឱ្យបន្តខិតខំពង្រឹងអនុវត្តការងារ បំពេញតួនាទីដឹកនាំ គ្រប់គ្រងកងកម្លាំងឱ្យបានត្រឹមត្រូវ ដោយត្រូវរក្សាបទពិសោធន៍ល្អៗ រួមជាមួយបច្ចុប្បន្នភាពលើចំណុចដែលមានការខ្វះខាត។ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ដោយយកចិត្តទុកដាក់សុខទុក្ខមន្ត្រីក្រោមឱវាទ ខណៈការដឹកនាំកម្លាំងត្រូវឱ្យមានតម្លាភាព ផ្ដល់យុត្តិធម៌ចំពោះមន្រ្តី និងបែងចែក ប្រគល់ភារកិច្ចដល់មន្ត្រីឱ្យចំជំនាញ កុំបែងចែកបក្ខពួក ត្រូវមានរបបប្រជុំទៀងទាត់ ត្រួតពិនិត្យការងារ និងតម្រង់ទិស និងត្រូវមានការលើកទឹកចិត្តដល់មន្ត្រីដែលមានស្នាដៃ តែត្រូវអនុវត្តវិន័យមន្ត្រីដែលប្រព្រឹត្តខុសឆ្គង ក្នុងករណីធ្ងន់ធ្ងរត្រូវចាត់វិធានការតាមផ្លូវច្បាប់។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានជំរុញឱ្យអនុវត្តការងារត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ គោរពច្បាប់ ហ៊ានលះបង់ខ្ពស់ ធ្វើជាគំរូល្អសម្រាប់មន្រ្តី ពង្រឹងក្រមសីលធម៌ វិជ្ជាជីវរៈដល់កងកម្លាំងចុះប្រតិបត្តិការ ដោយត្រូវធានាដាច់ខាតរក្សាការសម្ងាត់មុនពេលប្រតិបត្តិការ កុំរកផលចំណេញ ឬប្រព្រឹត្តខុសច្បាប់ នាំឱ្យប៉ះពាល់ដល់កិត្តិយសអង្គភាព និងកងកម្លាំងនគរបាលជាតិទាំងមូល។ ជាមួយគ្នានេះ ត្រូវខិតខំបង្កើនស្នាដៃ កសាងអង្គភាព តាមយៈការលើកកម្ពស់សមត្ថភាពផ្ទាល់ខ្លួន រួមទាំងមន្ត្រីក្រោមឱវាទ ការអភិវឌ្ឍអង្គភាព ស្របតាមបរិបទឌីជីថល (ទំនើបកម្ម) និងបង្កើនការទំនាក់ទំនងរវាងនាយកដ្ឋាន និងអង្គភាពផ្សេងៗចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយផ្លាស់ប្តូរព័ត៌មានជំនាញទៅវិញទៅមក និងត្រៀមកម្លាំងសម្រាប់ចូលរួមក្នុងយន្តការផ្សេងៗ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

បន្ថែមពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានដាក់បទបញ្ជាឱ្យគ្រប់នាយកដ្ឋាន អង្គភាពជំនាញពាក់ព័ន្ធ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត ដើម្បីបោសសម្អាតឱ្យបានស្អាត។ ចំពោះការងារប្រឆាំងបទល្មើសវិញ ត្រូវដាក់ចេញវិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីលុបបំបាត់បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ជាពិសេសបទល្មើសដែលធ្វើឱ្យប៉ះពាល់ដល់ចិត្តសាស្ត្រសង្គម ករណីលួច ឆក់ ប្លន់ គ្រឿងញៀន ក្មេងទំនើង និងករណីបាត់ក្មេងជាដើម៕

Leave a Reply

Your email address will not be published.