
នាព្រឹកថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ឆ្នាំ២០២៦–២០៣០” ក្រោមអធិបតីភាព លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខារ៉េស៊ីដង់ រាជធានីភ្នំពេញ។
ពិធីនេះមានការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំជាប្រធានក្រុមការងារយេនឌ័រគ្រប់ក្រសួង-ស្ថាប័ន តំណាងស្ថានទូត ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមកាយឫទ្ធិនារីកម្ពុជា កាកបាទក្រហមកម្ពុជា ក្រុមចលនាទម្លុះ និងអ្នកពាក់ព័ន្ធសរុបប្រមាណ ២០០នាក់ ទន្ទឹមនឹងនេះ ក៏មានការចូលរួមតាមប្រព័ន្ធអនឡាញពីមន្ត្រីបច្ចេកទេសនៃក្រសួង-ស្ថាប័ននានា រដ្ឋបាលរាជធានី-ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងឃុំ-សង្កាត់ ប្រមាណ ១,០០០នាក់ផងដែរ។
“កម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ឆ្នាំ២០២៦-២០៣០” មានគោលបំណងលើកកម្ពស់សមត្ថភាព ភាពជាអ្នកដឹកនាំ ទំនុកចិត្ត និងការចូលរួមរបស់ក្មេងស្រីក្នុងការអភិវឌ្ឍសង្គម ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រជាតិស្តីពីសមភាពយេនឌ័រ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ កម្មវិធីនេះក៏ជាការបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់រាជរដ្ឋាភិបាល ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការបង្កើតបរិយាកាសអំណោយផលសម្រាប់ក្មេងស្រីឱ្យមានឱកាសអភិវឌ្ឍសក្តានុពល និងក្លាយជាអ្នកដឹកនាំជំនាន់ក្រោយប្រកបដោយសមត្ថភាព និងទំនួលខុសត្រូវ៕





