
តាកែវ៖ នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ អមដំណើរដោយសមាជិក សមាជិកាគណៈកម្មាធិ ការសាខា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះថ្មី ១ខ្នង ដែលជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់គ្រួសារស្ត្រីទីទ័លក្រជាទុគ៌តជនឈ្មោះ សាយ ទូច ដែលរងគ្រោះដោយ សារខ្យល់កន្ត្រាក់រលំផ្ទះនាពេលកន្លងមក ព្រមទាំងនាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសារចាស់ជរាទីទ័លក្រចំនួន ១៣គ្រួសារ ស្ថិតនៅភូមិរូង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្ដមបណ្ឌិត ជា វ៉ាន់ដេត ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេច តែងតែយកចិត្តទុកដាក់ គិតគូរខ្ពស់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬសាសនាអ្វីឡើយ ស្របតាមសេចក្តីថ្លែងការណ៍ «ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
សូមបញ្ជាក់ថា ផ្ទះថ្មីដែលបានប្រគល់ជូនគ្រួសាររងគ្រោះខាងលើ មានរចនាសម្ព័ន្ធធ្វើពីគ្រោងដែក ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី មានទំហំទទឹង ៤ម៉ែត្រ បណ្តោយ ៦ម៉ែត្រ ព្រមទាំងមានតយ៉ាបមុខ-ក្រោយ ប្រវែង ២.៥ម៉ែត្រ ផងដែរ។
ដោយឡែក សម្រាប់អំណោយមនុស្សធម៌ដែលបានប្រគល់ជូនដល់គ្រួសារក្រីក្រ និងចាស់ជរាទាំង ១៣គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ប្រេងឆា ១លីត្រ ទឹកត្រី ៣ដប និងទឹកស៊ីអ៊ីវ ៣ដប នំកញ្ចប់ធំ ១កញ្ចប់ មុង១, ភួយ១, សារុង១, ក្រមា១, កន្ទេល១ និងថវិកាមួយចំនួន៕
ប្រភព ៖ រដ្ឋបាលខេត្តតាកែវ





