ព័ត៌មានជាតិ

កម្ពុជា បានត្រៀមខ្លួនរួចរាល់ក្នុងការទទួលស្វាគមន៍ទេសចរមូស្លីម ដែលជាទីផ្សារដ៏មានសក្តានុពល!

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុង វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៦ ក្រោមមូលបទ៖ «ទឹកដីពោរពេញដោយភាពស្រស់ត្រកាល និងជាផ្ទះដែលផ្ដល់ទំនុកចិត្តសម្រាប់ការធ្វើដំណើរ»។
វេទិកានេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ រួមមាន៖ (១) ការស្វាគមន៍ភ្ញៀវទេសចរគ្រប់ជាតិសាសន៍មកកាន់កម្ពុជា ដែលជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងទំនុកចិត្ត, (២) ការបង្ហាញពីសក្តានុពល និងភាពសម្បូរបែបនៃផលិតផលទេសចរណ៍កម្ពុជា ព្រមទាំងការលើកកម្ពស់សេវាកម្មប្រកបដោយគុណភាព និងស្តង់ដា, និង (៣) ការត្រៀមខ្លួនឱ្យបានរួចជាស្រេចក្នុងការទទួលបដិសណ្ឋារកិច្ចទេសចរមូស្លីម ស្របតាមនិន្នាការ និងតម្រូវការទីផ្សារអន្តរជាតិ។
ព្រឹត្តិការណ៍ដ៏អធិកអធមនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គទូតបរទេស ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ តំណាងសហគមន៍សាសនាឥស្លាម សមាគមនៅក្នុងឧស្សាហកម្មទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុនដឹកជញ្ជូន វិស័យឯកជន បណ្តាញសារព័ត៌មាន អ្នកផលិតមាតិកាព័ត៌មាន អាជីវករ និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ សរុបចំនួន ៥១៣នាក់។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រសួងទេសចរណ៍បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សៀវភៅស្តង់ដាមូស្លីមហ្វ្រែនលីកម្ពុជា ដែលជាឯកសារគោលសម្រាប់អភិវឌ្ឍគោលដៅទេសចរណ៍ មូលដ្ឋានអាជីវកម្ម និងការផ្តល់បដិសណ្ឋារកិច្ចប្រកបដោយគុណភាព សុវត្ថិភាព និងទំនុកចិត្ត ជូនភ្ញៀវទេសចរមូស្លីម។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា វេទិកានេះ គឺជាការបន្តភាពជោគជ័យពីវេទិកាទេសចរណ៍មូស្លីមលើកទី១ (ឆ្នាំ២០២៤) និងលើកទី២ (ឆ្នាំ២០២៥) ព្រមទាំងជាការបោះជំហានថ្មីមួយទៀតនៅក្នុងការអភិវឌ្ឍទេសចរណ៍មូស្លីមនៅកម្ពុជា។ សូមបញ្ជាក់ជូនថា វេទិកាលើកទី៣នេះ មានលក្ខណៈកាន់តែធំជាងមុន និងពិសេសជាងមុន ដោយប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ (១០-១២ ខែកក្កដា) ដែលមានការរៀបចំជាកិច្ចពិភាក្សាតុមូលលើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងទេសចរណ៍មូស្លីម, មានស្តង់ពិព័រណ៍ប្រមាណ ១៥០ស្តង់ ជាមួយការរំពឹងទុកថាមានអ្នកចូលរួមយ៉ាងច្រើនកុះករ។ បន្ថែមលើនេះ, ក្រសួងក៏បានរៀបចំទស្សនកិច្ចសិក្សា (Fam Trip) របស់គណៈប្រតិភូធុរជនមូស្លីម មកពីប្រទេសម៉ាឡេស៊ី, ឥណ្ឌូនេស៊ី និងសិង្ហបុរី ដើម្បីមកទស្សនាតំបន់គោលដៅទេសចរណ៍សំខាន់ៗនៅព្រះរាជាណាចក្រកម្ពុជា និងពិនិត្យលទ្ធភាពរៀបចំកញ្ចប់ទស្សនកិច្ចជូនទេសចរមូស្លីមពីក្នុងតំបន់ និង ជុំវិញពិភពលោក មកទស្សនាកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមាំថា វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៦ នឹងរួមចំណែកជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយបណ្តាប្រទេសនានា ព្រមទាំងបញ្ជាក់ឱ្យពិភពលោកបានឃើញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព មានភាពកក់ក្តៅ និងទំនុកចិត្ត ដែលអាចទទួលស្វាគមន៍ភ្ញៀវទេសចរពីគ្រប់ទិសទីនៅក្នុងតំបន់ និងនៅលើពិភពលលោក។
រាជធានីភ្នំពេញ, ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦

Leave a Reply

Your email address will not be published.