ព័ត៌មានជាតិ

ឯកឧត្តម វ៉ា ថន អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកព្រែកប្រសព្វ ខេត្តក្រចេះ

ខេត្តក្រចេះ​៖​ ព្រឹកថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក ធីម ស៊ាងឡេង ឋានន្តរសក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ៥ ឱ្យកាន់មុខតំណែងជា អភិបាល នៃគណៈអភិបាលស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។ ដោយមានការចូលរួមពីឯកឧត្តម អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មេឃុំ ស្មៀន និងមេប៉ុស្តិ៍នគរបាលឃុំ ក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍ក្រើនរំលឹកដល់មន្រ្តីរាជការក្រោមឱវាទទាំងអស់ ត្រូវធ្វើខ្លួនឲ្យល្អជាគម្រូដល់សាធារណ:ជន និងប្រជាពលរដ្ឋ ក្នុងការគោរពច្បាប់បទដ្ឋាននានា ច្បាប់ចរាចរណ៍ និងបញ្ហាគ្រឿងញៀន ជាពិសេសមន្រ្តីបម្រើសេវាច្រកចេញចូលតែ១ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ តម្លាភាព និងរហ័សទាន់ពេល ស្របទៅនឹងបរិបទសង្គមបច្ចុប្បន្នទំនើបលើប្រព័ន្ធឌីជីថល និងនវានុវត្តន៍ ហាមដាច់ខាតការប្រើប្រាស់នូវសារធាតុញៀន ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានសម្តែងនូវការកោតសរសើរចំពោះលោក សូម សារិត អតីតអភិបាលស្រុកព្រែកប្រសព្វ ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ខិតខំអនុវត្តការងារជាមន្រ្តីរាជការបម្រើអង្គភាពរដ្ឋ និងប្រជាពលរដ្ឋ ដោយទទួលបានលទ្ធផលយ៉ាងល្អ បង្កើតបានជាសមិទ្ធផល និងស្នាដៃជាច្រើន។

ឯកឧត្តម វ៉ា ថន មានប្រសាសន៍ណែនាំដល់ អភិបាលស្រុកថ្មី និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំរួមគ្នាបំពេញការងារ និងដោះស្រាយនូវបញ្ហាកើតមាននៅមូលដ្ឋាន ពិសេសបញ្ហាគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង អំពើហឹង្សាដោយជាក្រុមយុវជនសិស្សសាលា ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងការគ្រប់គ្រងធនធានធម្មជាតិ ក្នុងនោះអាជ្ញាធរគ្រប់ថ្នាក់ ត្រូវម្ចាស់ការខ្ពស់ក្នុងកិច្ចសហការជាមួយសមត្ថកិច្ច ក្នុងការចាប់បង្រ្គាបទប់ស្កាត់ កុំឲ្យកើតមានបន្តទៀត ដើម្បីរក្សាឲ្យបាននូវសុខសុវត្ថិភាព ស្ថេរភាពជូនប្រជាពលរដ្ឋមូលដ្ឋាន ស្របទៅនឹងគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព និងឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ។

ប្រភព​៖​ រដ្ឋបាល​ខេត្តក្រចេះ​

Leave a Reply

Your email address will not be published.