ព័ត៌មានជាតិ

ប្រជាពលរដ្ឋរស់នៅភូមិបន្ទាយប្រិយ៍ ឃុំអណ្តូងថ្ម បង្ហាញភាពរីករាយយ៉ាងខ្លាំង ដែលទទួលបានផ្លូវបេតុងថ្មីមួយខ្សែរ ប្រវែង៨៣០ ម៉ែត្រ ពីរដ្ឋបាលស្រុកព្រៃនប់ ងាយស្រួលធ្វើដំណើរ លែងពិបាកហើយ

ព្រះសីហនុ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិបន្ទាយប្រិយ៍ទាំងអស់គ្នា រីករាយសាទរ នៅពេលទទួលបានផ្លូវបេតុងថ្មី មានប្រវែង៨៣០ម៉ែត្រ ដែលពីមុនពិតជាពិបាកក្នុងការធ្វើដំណើរជាលខ្លាំង ជាពិសេសខែវស្សានេះ ផ្លូវបេតុងថ្មីនេះ ជាគម្រោងរបស់រដ្ឋបាលស្រុកព្រៃនប់ ផ្តល់អោយតាមសុំណូមពររបស់បងប្អូនប្រជាពលរដ្ឋតាមរយៈរដ្ឋបាលឃុំអណ្តូងថ្ម ។

លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ និងជាប្រធានគណៈកម្មការលទ្ធកម្មស្រុក លើគម្រោងវិនិយោគស្រុក បានគូសបញ្ជាក់ថា ក្នុងដំណើរការសាងសង់ផ្លូវបេតុងនានា ក៏ដូចជាផ្លូវបេតុងមួយខ្សែរ ៨៣០ ម៉ែត្រ នៅក្នុងភូមិបន្ទាយប្រិយ៍ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់  ខេត្តព្រះសីហនុនេះ ក្នុងនាមរូបលោកផ្ទាល់ និងមេឃុំ អ្នកជំនាញ ព្រមទាំងក្រុមការងារ ពិតណាស់ គឺបានយកចិត្តទុកដាក់បំផុត លើកិច្ចការនេះ ដោយបានចុះត្រួតពិនិត្យ សិក្សាជាប្រចាំ ដើម្បីផ្តោតសំខាន់ទៅលើគុណភាពជាចម្បង តាំងពីការចាប់ផ្តើមបើកគម្រោងសាងសង់ រហូតដល់ពេលបញ្ចប់ ។

លោកបន្តទៀតថាក្នុងនាមលោកជាប្រធានគណៈកម្មការលទ្ធកម្ម ទោះបីជាលោកមិនមែនជាអ្នកជំនាញក្នុងកិច្ចការនេះក្តី តែលោកបានណែនាំ និងដាក់បញ្ជារដល់មន្ត្រីថ្នាក់ក្រោម ព្រមទាំងក្រុមការងារជំនាញតាមដាន ត្រួតពិនិត្យរហូតមក ហើយក៏មិនដូចនូវអ្វីដែលពាក្យចរចាមរាមថា ការសាងសង់នេះមិនត្រូវតាមស្តង់ដារបច្ចេកទេស កេងប្រវាញ់ខុសពីការពិត មានការខួបឃិតជាប្រព័ន្ធអ្វីនោះទេ លោកបានបញ្ជាក់ក្នុងកិច្ចប្រជុំ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ នៅសាលាស្រុកព្រៃនប់ ។

ក្រោយពីចប់កិច្ចប្រជុំ លោក អេង ចំរើន នាយករងទីចាត់ការផែនការ និងវិនិយោគខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញចុះពិនិត្យផ្លូវបេតុង មួយខ្សែមានប្រវែង ៨៣០ ម៉ែត្រស្ថិតនៅភូមិបន្ទាយប្រិយ៍ ឃុំអណ្តូងថ្មរ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានការចូលរួមពីលោកមេភូមិ លោកមេឃុំ ព្រមទាំងមន្ត្រីជំនាញ និងមន្ត្រីពាក់ព័ន្ធ ក្រុមហ៊ុនម៉ៅការ កាលពីព្រឹកថ្ងៃទី ២៨ ខែមិថុនាឆ្នាំ ២០២៣ ។

លោក សា រ៉េន ជាពលរដ្ឋរស់នៅក្នុងភូមិបន្ទាយប្រិយ៍ បានលើកឡើងថា ផ្លូវនៅភូមិនេះពីមុនមក ពិតជាលំបាកខ្លាំងសម្រាប់ការធ្វើដំណើររបស់អ្នកភូមិ ឥឡូវនេះខ្ញុំបាទបានឃើញផ្លូវស្ថាបនាហើយពិតជាល្អ ហើយខ្ញុំគឺជាប្រជាពលរដ្ឋរស់នៅភូមិបន្ទាយប្រិយ៍នេះ ពិតជាត្រេកអរខ្លាំងណាស់។ ខ្ញុំតាំងនាមឱ្យប្រជាពលរដ្ឋរស់នៅភូមិបន្ទាយប្រិយ៍ទាំងអស់ សូមគោរពថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត លោកអភិបាលស្រុក លោកមេឃុំដែលបានផ្តល់ផ្លូវបេតុង តាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ។

លោកមេឃុំអណ្តូងថ្ម  បានមានប្រសាសន៍ថា សម្រាប់ឃុំអណ្តូងថ្ម ទទួលបានគម្រោង ៣ គម្រោង ផ្លូវ៣ខ្សែ គម្រោងទី ១ គឺរបស់រដ្ឋបាលខេត្ត មានចំនួនប្រវែង ៨៣០ ម៉ែត្របានអនុវត្តគម្រោងនេះហើយ មួយទៀតសម្រាប់គម្រោងនេះគឺជាគម្រោងទី ២ របស់រដ្ឋបាលស្រុកព្រៃនប់ មានប្រវែង ៨៣០ ម៉ែត្រ ហើយក៏បានអនុវត្តហើយដែរ ហើយសម្រាប់គម្រោងទី៣ គឺត្រូវចុះបានចុះកិច្ចសន្យារួចរាល់និងចាប់ផ្ដើមធ្វើការស្ថាបនានៅក្នុងពេលឆាប់ៗនេះ។

លោកមេឃុំបន្តទៀតថា បងប្អូនពលរដ្ឋយើង គាត់ធ្លាប់ដើរគាត់ធ្លាប់ជិះម៉ូតូកាត់ភួកជ្រាំពិបាកក្នុងការធ្វើដំណើរ ទៅណាមកណាយឺតយ៉ាវមិនទាន់ចិត្ត ម៉ូតូប្រលាក់ ឡានប្រលាក់ ពេលធ្វើដំណើរ ជាពិសេសរដូវវស្សា ឱ្យតែមេឃភ្លៀងគឺយ៉ាប់ក្នុងការធ្វើដំណើរណាស់ ។ លោកមេឃុំអណ្តូងពិតជារីករាយណាស់ ដែលបានទទួលសមិទ្ធផលថ្មីផ្លូវបេតុងចំនួនប្រវែង ៨៣០ ម៉ែត្រនៅក្នុងភូមិបន្ទាយប្រិយ៍ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោកមេឃុំបានបញ្ជាក់ឲ្យដឹងថាការស្ថាបនាផ្លូវនេះគឺធ្វើទៅតាមស្តង់ដាបច្ចេកទេសរបស់ក្រុមហ៊ុនដែលបានដេញថ្លៃបានគម្រោងនេះ ព្រោះលោកមេឃុំបានពិនិត្យក៏ដូចជាគណៈកម្មការលទ្ធកម្មបានពិនិត្យក្នុងការស្ថាបនាផ្លូវនេះ ធ្វើបានល្អបង្រៀបដីបានស្អាត បង្ហាប់ដីចាក់គ្រោះ ដាក់ដែកត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ប្រជាជនរីករាយអបអរសាទរនូវការស្ថាបនាផ្លូវនេះ ។
ចុងក្រោយលោកមេឃុំបានផ្តាំផ្ញើ ក៏ដូចជាអំពាវនាវដល់បងប្អូនពលរដ្ឋទាំងអស់នៅក្នុងឃុំអណ្តូងថ្មរ សូមជួយថែរក្សាផ្លូវបេតុងយើងធ្វើម៉េចកុំឱ្យឡានធ្ងន់ៗបើកបរលើផ្លូវបេតុង និងសូមចូលរួមថែរក្សាផ្លូវទឹកសង្ខាងឲ្យបានល្អដើម្បីកុំឲ្យដាក់ទឹក ក្រែងថ្ងៃក្រោយទៅវាស្រុតផ្លូវយើងខូច ប្រើមិនបានយូរអង្វែងទម្រាំបានយើងមិនងាយទេតាំងពីឆ្នាំ ១៩៧៩ អញ្ចឹងយើងមានផ្លូវបេតុងថ្មី សុំចូលរួមថែរក្សាទាំងអស់គ្នា៕

Leave a Reply

Your email address will not be published.