
នៅសាលប្រជុំលេខ២ សាលាខេត្តសៀមរាប នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ លេខាធិការដ្ឋាន នៃគណ:កម្មាធិការខេត្តជំរុញចលនាភូមិ១ ផលិតផល១ បានជួបប្រជុំពិភាក្សាលក្ខណ:បច្ចេកទេសពាក់ព័ន្ធនឹងការត្រៀមរៀបចំវេទិកាផ្គូផ្គងរវាងអ្នកផលិត ឬអ្នកលក់ និងអ្នកទិញ ក្រោមគម្រោងការទទួលបានទីផ្សារសម្រាប់សហគ្រាសធុនតូច និងមធ្យម និងអ្នកផលិតនៅប្រទេសកម្ពុជាក្រោមអធិបតីភាពលោក យុន លីនណេ អភិបាលរងខេត្ត និងជាអនុប្រធានគណ:កម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ខេត្តសៀមរាប ដោយចូលរួមពី តំណាងសភាពាណិជ្ជមណ្ឌលសៀមរាប-ឧត្តរមាជ័យ, នាយករងរដ្ឋបាលសាលាខេត្ត, ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងមន្ត្រីពាក់ព័ន្ធ ក្នុងខេត្ត ប្រមាណជាង ២០នាក់។
លោក យុន លីនណេ វេទិកាផ្គូផ្គងរវាងអ្នកលក់ និងអ្នកទិញរៀបចំឡើង ដើម្បីដាក់តាំងបង្ហាញផលិតផលនានា ស្វែងរកដៃគូអាជីវកម្ម និងបង្ហាញភាពជឿជាក់ដល់អតិថិជនលើផលិតផលរបស់ខ្លួន ថ្វីត្បិតតែជាលើកដំបូងសម្រាប់ខេត្តសៀមរាប តែយេីងបានចងក្រងនូវផលិតផលជាង ៧០ប្រភេទ ជាស្នាដៃផលិតដោយសហគមន៍ ផលិតករ អាជីវករ ម្ចាស់សហករណ៍សិប្បកម្ម សហគ្រាសធុនតូច និងធុនមធ្យម។ល។ នេះជាការបង្កើតឱកាសទីផ្សារដ៏មានតម្លៃសម្រាប់សហគ្រាសធុនតូច មធ្យម និងអ្នកផលិតក្នុងស្រុក ក្នុងការជួបអ្នកទិញដែលមានសក្តានុពល និងចូលរួមក្នុងការពិភាក្សាប្រកបដោយផ្លែផ្កាអំពីលក្ខ័ណ្ឌតម្រូវ និងការផ្គត់ផ្គង់ លើសពីនេះ ពួកគេនឹងមានឱកាសភ្ជាប់ទំនាក់ទំនងជាមួយតួអង្គផ្សេងៗដូចជាអាជ្ញាធរមូលដ្ឋាន អង្គការមិនមែនរដ្ឋាភិបាល ក្រុមយុជន និងសិស្សនិស្សិត ដើម្បីគាំទ្រ និងទិញផលិតផល។ រដ្ឋបាលខេត្តបានសហការជាមួយផ្សារម៉ាក្រូនឹងរៀបចំវេទិកានេះមានរយ:ពេល ៣ថ្ងៃ ចាប់ថ្ងៃទី២៥ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ក្នុងផ្សារម៉ាក្រូ ស្ថិតក្នុងក្រុងសៀមរាប។
លោក យុន លីនណេ បានអំពាវនាវដល់ សហគមន៍ អង្គការដៃគូ ផលិតករ ម្ចាស់សហសិប្បកម្ម សហគ្រាសធុនតូច ធុនមធ្យម ដែលមានបំណងចង់ចូលរួមបង្ហាញផលិតផលរបស់ខ្លួនក្នុងវេទិកាដ៏មានសារសំខាន់នេះ សូមនាំយកនូវផលិតផលទាំងឡាយណា ដែលមានស្តង់ដារ គុណភាពល្អ កាលបរិច្ឆេទច្បាស់លាស់ មានអនាម័យ និងបច្ចេកទេសការវិចខ្ចប់ត្រឹមត្រូវ ដើម្បីចូលរួមក្នុងវេទិកាផ្គូផ្គងប្រកួតប្រជែងសម្រាប់ឈានចូលទីផ្សារជាតិ និងអន្តរជាតិ ពិសេសដើម្បីឱ្យផលិតផលរបស់ខ្លួនទទួលបានការគាំទ្រច្រើនពីអតិថិជន និងរក្សាបានលំនឹងទីផ្សារ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចឱ្យប្រសើរឡើង៕





