អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចូលរួមក្នុងពិធីបិទទ្វារទឹកជាផ្លូវការ នៃគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដែលមានអានុភាពផលិតអគ្គិសនី ៨០មេហ្គាវ៉ាត់
ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមក្នុងពិធីបិទទ្វារទឹកជាផ្លូវការ នៃគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដែលមានអានុភាពផលិតអគ្គិសនី ៨០មេហ្គាវ៉ាត់ ស្ថិតក្នុងខេត្តពោធិ៍សាត់។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដោយមានការចូលរួមពីថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ រួមទាំងតំណាងក្រុមហ៊ុនវិនិយោគ និងមន្ត្រីជំនាញជាច្រើនរូប។ នេះគឺជាទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់វិស័យថាមពលនៅកម្ពុជា ដោយគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដែលមានអានុភាព ៨០មេហ្គាវ៉ាត់ បានឈានដល់ដំណាក់កាលបិទទ្វារទឹកជាផ្លូវការ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺជាការចាប់ផ្តើមដំណើរការស្តុកទឹកចូលក្នុងអាង ដែលជាជំហានដ៏ចាំបាច់បំផុត មុននឹងឈានទៅដល់ការដាក់ឱ្យដំណើរការម៉ាស៊ីនផលិតថាមពលអគ្គិសនីស្អាត និងមាននិរន្តរភាពសម្រាប់ផ្គត់ផ្គង់ជូនបណ្តាញជាតិ។ លើសពីការផលិតថាមពល គម្រោងនេះបានផ្តល់ផលប្រយោជន៍ពហុវិស័យ ជូនប្រជាពលរដ្ឋ រួមមាន៖ ទី១-បង្កើនប្រភពថាមពលស្អាត ដែលមានតម្លៃសមរម្យ សម្រាប់បម្រើដល់ការប្រើប្រាស់ ក្នុងវិស័យឧស្សាហកម្ម និងគ្រួសារ។ ទី២-កាត់បន្ថយហានិភ័យនៃជំនន់ទឹកភ្លៀង ក្នុងក្រុងពោធិ៍សាត់យ៉ាងមានប្រសិទ្ធភាព និងការបង្កើនសក្តានុពលស្រោចស្រពផ្ទៃដីកសិកម្ម ប្រមាណជាង២០ម៉ឺនហិកតា ក្នុងរដូវប្រាំង (បន្ទាប់ពីការបញ្ចប់គម្រោងទំនប់ស្ទាក់ទឹកទី២ ស្ទឹងអារ៉ៃ រួមបញ្ចូលគ្នា)។ […]






































