ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកាងារ ៦ខែដើមឆ្នាំ ២០២៥ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកាងារ ៦ខែដើមឆ្នាំ ២០២៥ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ស្ថិតនៅទីស្នាក់ការសាខាខេត្ត ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាអនុប្រធាន, លេខាធិការ ហិរញ្ញញឹក,សមាជិក សមាជិកា និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
កិច្ចប្រជុំបានពិភាក្សា និងអនុម័តនូវ៖
១-របាយការណ៍សង្ខេប ស្តីពីលទ្ធផលសកម្មភាពការងារ រយ:ពេល ៦ខែដើមឆ្នាំ ២០២៥ និងទិសដៅការងារបន្តឆមាសទី២ របស់សាខា។
២-របាយការណ៍ ស្តីពីស្ថានភាពហិរញ្ញវត្ថុ ចំណូល ចំណាយ ថវិកា ( គិតត្រឹមថ្ងៃទី ៣០-៦-២០២៥ ) របស់សាខា។ ៣-ពិនិត្យ ពិភាក្សា និងអនុម័ត លើ សេចក្តីសម្រេច ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ សាខា អាណត្តិទី ៦។ ៤-ពិភាក្សា និងអនុម័តលើ សេចក្តីសម្រេច ស្តីពី ការកំណត់ របៀបរបបធ្វើការងារផ្ទៃក្នុង របស់ សាខា អាណត្តិទី៦។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ រួមទាំងមន្ត្រីក្រុមប្រតិបត្តិ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ធ្វើជាសេនាធិការឱ្យគណៈកម្មាធិការសាខា ក្នុងការដឹកនាំ ជំរុញធ្វើអោយវិស័យអាទិភាពទាំង៤ របស់កាកបាទក្រហមកម្ពុជា រយៈពេល ៦ខែដើមឆ្នាំ ២០២៥ នេះ ក្នុងស្ថានភាពដែលសេដ្ឋកិច្ចសង្គមរបស់ព្រះរាជាណាចក្រកម្ពុជា មានដំណើរការល្អប្រសើរ ក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍ ដែលបង្កភាពអនុគ្រោះច្រើនដល់សាខា ក្នុងការផ្តល់សេវាកម្មមនុស្សធម៌ រហូតសម្រេចបានលទ្ធផល គួរជាទីមោទនភាព ពិសេស ការលើកកម្ពស់សកម្មភាពការងារឥស្សរជនឆ្នើម ថ្នាក់ជាតិ ថ្នាក់សាខា ការថែទាំសុខភាពសហគមន៍ ការអប់រំផ្សព្វផ្សាយ ស្តីពី ការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាបន្ន ការបណ្តុះបណ្តាលជាមូលដ្ឋានដល់យុវជន អ្នកស្ម័គ្រចិត្ត កាកបាទក្រហម ការកសាងភាពធន់សហគមន៍ ការអភិវឌ្ឍស្ថាប័ន ការផ្តល់ជំនួយសង្រ្គោះ ផ្តល់អំណោយមនុស្សធម៌ ជូនជនរងគ្រោះ និងជនងាយរងគ្រោះ បានទាន់ពេលវេលា ស្របតាមទិសស្លោក” ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា “។
ទន្ទឹមគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានក្រើនរំលឹក និងជំរុញដល់គណ:កម្មាធិការសាខា អនុសាខា និងក្រុមប្រតិបត្តិ អំពីការងារមួយចំនួន សម្រាប់អនុវត្តបន្ត ជាពិសេស ត្រូវយកចិត្តទុកដាក់ ធ្វើអោយការផ្តល់សេវាកម្មមនុស្សធម៌កាន់តែប្រសើរជាងមុន ជួយអ្នកងាយរងគ្រោះបានច្រើនជាមុន និងប្រសិទ្ធភាពខ្ពស់ រួមជាមួយការកសាងកម្លាំងនៅមូលដ្ឋានឱ្យកាន់តែរឹងមាំ ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់ទៅនឹងអាកាសធាតុ កែទម្លាប់រស់នៅអោយបានល្អ តាមទិសស្លោក ” ស្រឡាញ់ខ្លួន អោយស្ងួនចំណី ” ព្រមជាមួយការបន្តសហការចុះអប់រំផ្សព្វផ្សាយលើកកម្ពស់អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យជាតិសំខាន់ៗ រួមជាមួយ ជំរុញការអភិវឌ្ឍន៍និងលើកទឹកចិត្ត ដល់បណ្តាញយុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហម ដែលជាប្រតិបត្តិករ និងជាកម្លាំងចលករជួរមុខ មិនអាចខ្វះបាន ក្នុងការចូលរួមអនុវត្តវិស័យអាទិភាពទាំង៤ របស់កាកបាទក្រហមកម្ពុជា រួមនឹងការយកចិត្តទុកដាក់ ពង្រឹងការ គ្រប់គ្រងហិរញ្ញវត្ថុ ចំណូល ចំណាយ និងការទូទាត់ឱ្យមានតម្លាភាព និងគណនេយ្យភាព៕
ប្រភព៖រដ្ឋបាលខេត្តកំពង់ចាម

Leave a Reply

Your email address will not be published.