
ភ្នំពេញ៖នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានជួបសម្តែងការគួរសមនិងពិភាក្សាការងារ ជាមួយលោក Frédéric VALLIER អគ្គប្រតិភូនៃសមាគមអន្តរជាតិអភិបាលក្រុងប្រេីប្រាស់ភាសាបារាំង AIMF នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ដោយសារថៃមានមហិចតាចង់បានប្រាសាទនានារបស់កម្ពុជា មកធ្វើជារបស់ខ្លួន ថៃបានបង្កឱ្យមានជម្លោះនៅតាមព្រំដែន រហូតបាញ់មកលើកម្ពុជា ធ្វើឱ្យកម្ពុជាប្រើសិទ្ធិការពារខ្លួនបាញ់តបវិញ ដើម្បីការពារបូរណៈភាពទឹកដីពីចោរឈ្លានពាន។
ឯកឧត្ដម ឃួង ស្រេង បន្តថា៖ ប្រទេសកម្ពុជាមានសន្តិភាពពេញលេញ តែត្រូវបានអ្នកជិតខាងបង្កជាជំលោះដែលជម្លោះនេះគឺដោយសារតែភាគីថៃ មិនគោរពតាមកិច្ចព្រមព្រៀង ដោយបានរំលោភបំពានបូរណភាពទឹកដីកម្ពុជា រហូតបង្កឱ្យមានការផ្ទុះអាវុធដាក់គ្នាកាលពីម្សិលមិញ «២៤កក្ដដា»លើសពីនេះភាគីថៃបានពង្រីកបញ្ហាព្រំដែននេះ ឱ្យប៉ះពាល់ទៅដល់វិស័យពាណិជ្ជកម្មថែមទៀត តាមរយៈការបិទច្រកព្រំដែនរវាងប្រទេសទាំងពីរ។
ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា៖ អ្វីដែលជាការហួសចិត្តនិងនឹកមិនស្មានដល់សោះនោះ គឺប្រទេសថៃ ជាអរិយៈប្រទេសគួរឱ្យកត់សម្គាល់មួយដែរ មិនគួរដល់ថ្នាក់ ប្រើយន្តហោះចម្បាំង ទម្លាក់គ្រាប់បែកបំផ្លិចបំផ្លាញប្រាសាទ ដែលបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកនោះទេ។ តាមរយៈសកម្មភាពឈ្លានពានរបស់ប្រទេសថៃនេះ ឯកឧត្ដម សង្ឃឹមថា ប្រទេសបារាំង និងគាំទ្រកម្ពុជា ដោយជំរុញឱ្យភាគីថៃអនុវត្តទៅតាមកិច្ចព្រមព្រៀងបារាំង សៀមដែលមានកន្លងមក ជៀសវាង ការប្រើប្រាស់ផែនទីដែលគូសដោយឯកតោភាគី។ ជុំវិញការដោះស្រាយបញ្ហាព្រំដែន តាមរយៈ ការប្ដឹងទៅប្តឹងទៅតុលាការអន្តរជាតិ ICJ ឯកឧត្ដម សង្ឃឹមថា បារាំងនិងគាំទ្រកម្ពុជា។
ជុំវិញការលើកឡើងរបស់ ឯកឧត្ដមឃួង ស្រេង ក្នុងជំនួបនោះលោក Frédéric VALLIER បានមានប្រសាសន៍លើកឡើងថា៖ មិនមែនក្នុងនាមប្រទេសបារាំងនោះទេ តែក្នុងនាមជាតំណាងសមាគមអន្តរជាតិអភិបាលក្រុងប្រេីប្រាស់ភាសាបារាំង AIMF ជម្លោះប្រដាប់អាវុធរវាងប្រទេសថៃ និងប្រទេសកម្ពុជា លោកពិតជាសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំង លោកសង្ឃឹមថា ជម្លោះដ៏តានតឹងនេះ នឹងវិលត្រឡប់ទៅរកភាពប្រក្រតីដូចដើមវិញ។ប្រទេសកម្ពុជា និងថៃនឹងរកដំណោះស្រាយបានដ៏ល្អនៅថ្ងៃអនាគត។ មកដល់សតវត្សទី២១ហើយ មិនគួរនិងកើតឡើងនូវជម្លោះដណ្ដើមប្រាសាទគ្នានោះទេ។ គេពិតជាបានដឹងហើយថា ប្រាសាទទាំងនោះនៅក្នុងទឹកដីអ្នកណា។
បន្ថែមពីនេះទៀត ក្នុងឱកាសនោះដែរ ឯកឧត្ដមឃួង ស្រេង ក៏បានលើកឡើងទៀតថា ការអភិវឌ្ឍរាជធានីភ្នំពេញ គឺពិតជាមានការចូលរួមពីប្រទេសបារាំងផងដែរ តាមរយៈផ្ដល់នូវបច្ចេកទេស ការផ្ដល់នូវប្រឡាយ លូជាដើម។ សមាគមអន្តរជាតិអភិបាលក្រុងប្រេីប្រាស់ភាសាបារាំង AIMFបានជួយរាជធានីភ្នំពេញទៅលើការកសាងស្ថានីយ៏ប្រព្រឹត្តកម្មសំណល់ ភក់បង្គន់ក្នុងសង្កាត់ភ្លើងឆេះរទេះខណ្ឌកំបូលផងដែរ។ រដ្ឋបាលរាជធានីភ្នំពេញក្នុងនាមជាអនុប្រធានសមាគមអន្តរជាតិអភិបាលក្រុងប្រេីប្រាស់ភាសាបារាំង AIMF នឹងធ្វើកិច្ចការងារឱ្យបានច្រើនថែមទៀតសំរាប់សមម្មភាព AIMF ជាមួយនិងការជំរុញឱ្យការកសាងស្ថានីយ៏ប្រព្រឹត្តកម្មសំណល់ ភក់បង្គន់ឱ្យបានទៅតាមគម្រោង ដើម្បីសុខមាលភាពប្រជាពលរដ្ឋ។
ជាមួយគ្នានេះដែរ លោក Frédéric VALLIER ក៏ថ្លែងនូវការអរគុណចំពោះការប្តេជ្ញាចិត្តរបស់រាជធានីភ្នំពេញ ក្នុងការគាំទ្រ ចំពោះសកម្មភាពរបស់ AIMF។ រាជធានីភ្នំពេញធ្លាប់ធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំ AIMF។
ការអញ្ជើញមករាជធានីភ្នំពេញលើកនេះ អត្តរប្រតិភូAIMF មានបំណងស្វែងយល់អំពីសមិទ្ធផលនានា ដែលសម្រេចបានហើយក៏បានថ្លែងនូវការអរគុណផងដែរ ចំពោះការទទួលឱ្យមានទីស្នាក់ការ របស់សមាគម AIMF នៅរាជធានីភ្នំពេញ៕
ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ





