(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យស្ថានភាពផលប៉ះពាល់ទឹកជំនន់ទន្លេមេគង្គ នៅសាលប្រជុំធំសាលាខេត្តកំពង់ចាម ដោយមានការចូលរួម ពីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី មន្ទីរអង្គភាពជំនាញ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
លោក គុន សុភា អភិបាលរងខេត្តកំពង់ចាមបានឡើងរាយការណ៍ ផលប៉ះពាល់នៃគ្រោះទឹកជំនន់ទន្លេមេគង្គ និងទឹកភ្លៀងនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដោយគិតចាប់ពីថ្ងៃទី ១ រហូតដល់ថ្ងៃទី ៧ ខែតុលាឆ្នាំ ២០២៥ មានចំនួន ៨ ស្រុក ក្នុងនោះមាន ស្រុកកំពង់សៀម ស្រុកស្ទឹងត្រង់ ស្រុកកោះសូទិន ស្រុកកងមាស ស្រុកស្រីសន្ធរ ស្រុកបាធាយ ស្រុកជើងព្រៃ និងស្រុកព្រៃឈរ ស្មើហ្នឹង ៤៧ ឃុំ និង ១៤១ភូមិ ។
លោកបានបន្តថា ករណីទឹកជំនន់នោះ បានបណ្ដាលឱ្យរងផលប៉ះពាល់ ដល់ប្រជាពលរដ្ឋ ជាង ៤ ០០០ គ្រួសារ នៅផ្ទះជាង ៣ ០០០ ខ្នង ក្នុងនោះប្រជាពលរដ្ឋដែលបានជម្លៀសមកទីទួលសុវត្ថិភាពចំនួន ៦២ គ្រួសារ ។ ជាមួយគ្នានោះចំពោះដំណាំស្រូវ រងផលប៉ះពាល់ជាង ៥ ០០០ហិកតា ក្នុងនោះមានភាពប្រសើរឡើងវិញជាង ២០០ ហិកតា រីឯដំណាំរួមផ្សំ បានរងផលប៉ះពាល់ជាង ៦០០ ហិកតា។ ជាមួយគ្នានោះដែរ បានធ្វើឱ្យបាក់ច្រាំងទន្លេ ១៧លើក មានប្រវែងជាង ៥ ០០០ ម៉ែត្រ និងប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់កៅស៊ូ ផ្លូវបេតុង និងផ្លូវដី សរុបប្រវែង ១៣០ ៩៩០ ម៉ែត្រ ផងដែរ ។
នាឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ ណែនាំ និងជំរុញដល់ មន្ត្រីជំនាញ នៃមន្ទីរអង្គភាពពាក់ព័ន្ធ ក៏ដូចជាអភិបាលស្រុក ដែលរងផលប៉ះពាល់នៃទឹកជំនន់នោះ ត្រូវរៀបចំឯកសារឱ្យបានច្បាស់លាស់ ត្រឹមត្រូវ និងឆាប់រហ័ស ដើម្បីធ្វើយ៉ាងណា ស្នើសុំទៅគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីធ្វើការស្ដារឡើងវិញអោយបានទាន់ពេលវេលា ៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម