ខេត្តក្រចេះ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទកម្ពុជាខេត្តក្រចេះ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងជូនអំណោយមនុស្សធម៌ ដល់គ្រួសាររងគ្រោះ ដោយទឹកជំនន់ មកពីបណ្តាឃុំនានាសរុបចំនួន ២៥៩ គ្រួសារ រួមមាន៖-ឃុំកញ្ជរ-ឃុំព្រែកសាម៉ាន់-ឃុំឆ្លូង-ឃុំហាន់ជ័យ-ឃុំខ្សាច់អណ្តែត-ឃុំដំរីផុង និងឃុំកំពង់ដំរី ក្នុងស្រុកឆ្លូង ខេត្តក្រចេះ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ៖ បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាមួយនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន សម្តេចតែងតែយកចិត្តទុកដាក់គិតគូរ ពីសុខទុក្ខរបស់បងប្អូនប្រជាជនងាយរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗដោយគ្មានការរើសអើងអ្វីឡើយ តាមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
ឯកឧត្តម វ៉ា ថន ក៏បានផ្តាំផ្ញើបងប្អូនប្រជាពលរដ្ឋទាំងអស់៖ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ មើលថែទាំកូនតូច ដែលគ្រប់អាយុឱ្យចូលរៀនបានគ្រប់គ្នា ដើម្បីជាការចេះដឹងនឹង យ៉ាងហោចណាស់ រៀនចប់ត្រឹមបាក់ឌុប ដើម្បីងាយស្រួលរកការងារធ្វើ -ធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃ -បោសសម្អាតបរិស្ថានជុំវិញផ្ទះជាប្រចាំ បង្ការជម្ងឺនានា -ហូបចុកប្រុងប្រយ័ត្ន និងត្រូវចំអិនឱ្យឆ្អិន តមជាតិប្រៃ ផ្អែម និងខ្លាញ់ -ខិតខំដាំដំណាំរួមផ្សំ ដើម្បីជួយសម្រួលជីវភាពប្រចាំថ្ងៃ -ពេលឈឺសូមប្រញាប់ទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតផ្ទះ -ត្រូវប្រុងប្រយត័្នមនុស្សចាស់ និងក្មេងៗ ពីការលង់ទឹក-ប្រុងប្រយ័ត្នថែទាំសុខភាព-ហើយមុនការធ្វើចរាចរណ៍ សូមប្រុងប្រយ័ត្ន ពាក់មួកសុវត្ថិភាព និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងត្រូវអប់រំណែនាំកូនចៅ ឱ្យជៀងវាងការសែពគប់មិត្តភក្តមិនល្អ ឬមិត្តប្រើប្រាស់គ្រឿងញៀន ដែលអាចបង្ករផលលំបាកដល់ខ្លួន និងសង្គមគ្រួសារ៕
ប្រភព៖ រដ្ឋបាលខេត្តក្រចេះ