ព័ត៌មានជាតិ

រដ្ឋបាលខេត្តពោធិ៍សាត់ ទទួលធុងសំរាមពីក្រសួងបរិស្ថាន សម្រាប់ចែកជូនដល់រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់

ខេត្តពោធិ៍សាត់៖ លោក ហេង សុភាណា អភិបាលរងខេត្ត តំណាង ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រឹកថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០២៥ បានទទួលធុងសំរាមចំនួន ២.៤៥៤ធុង ពីក្រសួងបរិស្ថាន ដឹកនាំឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការ តំណាង ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជូនដល់រដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់ចែកជូនដល់រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីចូលរួមជំរុញចលនាយុទ្ធនាការ កម្ពុជាស្អាតខ្មែរធ្វើបាន និងផ្លូវជាតិគ្មានសំរាមប្លាស្ទិក។
ពិធីប្រគល់-ទទួលធុងសំរាមខាងលើនេះ ត្រូវបានរៀបចំឡើង នៅបរិវេណសាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោក អេង រស្មី ប្រធានមន្ទីរបរិស្ថានខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
គួរបញ្ជាក់ថា ដើម្បីគាំទ្រដល់ក្រុង ស្រុក ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ, ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានរៀបចំធុងដាក់សំរាម ផ្តល់ជូនដល់រដ្ឋបាលក្រុង ស្រុក សម្រាប់ចែកជូនដល់គ្រប់គ្រឹះស្ថានសិក្សា មូលដ្ឋានសុខាភិបាល វត្តអារាម រដ្ឋបាលឃុំ សង្កាត់ទូទាំងខេត្តពោធិ៍សាត់ និងជាបន្តបន្ទាប់ទៅកាន់មូលដ្ឋានស្រុក ក្រុង ឃុំ សង្កាត់ នៃបណ្តាខេត្តនានា ទូទាំងប្រទេស៕
ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

Leave a Reply

Your email address will not be published.