
ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម សាយ ព្រលឹង សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៩៦១ក្បាលដី ដល់ភូមិស្មាកោះ និងភូមិកាំងដែក ខេត្តស្ទឹងត្រែង នៅបរិវេណវត្តសិលារតនារាម ស្ថិតក្នុងភូមិកាំងដែក ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។
ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តបានមានប្រសាសន៍ថា៖ការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងរយៈពេលជាងពាក់កណ្តាលអាណត្តិទី៧ កន្លងទៅនេះ គឺបានធានារក្សាការពារយ៉ាងរឹងមាំនូវ សុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ រួមនឹងសមិទ្ធផលធំៗថ្មីៗជាច្រើន ទៀតដែលកំពុងលេចរូបរាងឡើងជាបន្តបន្ទាប់។ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានរៀបចំពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពនៃបណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់ អចលនវត្ថុចំនួន ៩៦១ បណ្ណ ក្នុងភូមិស្នាកោះ និងភូមិកាំងដែក ឃុំកោះស្រឡាយ នាពេលនេះ គឺជាការផ្តល់ជូនម្ចាស់ ក្បាលដីនូវឯកសារដ៏មានសារៈសំខាន់ដែលបញ្ជាក់ពីសិទ្ធិស្របច្បាប់ជាម្ចាស់លើក្បាលដីនីមួយៗ។
ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា ចាប់ពីពេលដែលទទួលបានប័ណ្ណកម្មសិទ្ធិនេះតទៅ ពុកម៉ែ បងប្អូននឹងទទួលបាននូវសុវត្ថិភាពនៃការ កាន់កាប់ប្រើប្រាស់ អាស្រ័យផលលើដីធ្លីរបស់ខ្លួន និងចាត់ចែងដីរបស់ខ្លួនផ្តាច់មុខ ស្របច្បាប់ និងទូលំទូលាយ។ គូសបញ្ជាក់ផងដែរថា៖ នៅទូទាំងខេត្តស្ទឹងត្រែង គឺប្រកាសតំបន់វិនិច្ឆ័យសរុបចំនួន១១១ភូមិ ក្នុងចំណោមសរុប១៣៧ភូមិ ចេញបណ្ណកម្មសិទ្ធបានចំនួន៣៧៨៩២បណ្ណ និងបានចែកជូនប្រជាពលរដ្ឋសរុប ចំនួន ៣១៤០៩ បណ្ណ។
ចំពោះភូមិស្នាកោះ និងភូមិកាំងដែក ដែលកំពុងរៀបចំពិធីចែកបណ្ណកម្មសិទ្ធិនាពេលនេះ ក្រុមការងារវាស់វែងបាន ១. ៤៩៧ក្បាលដី និងចេញបណ្ណកម្មសិទ្ធិជូនម្ចាស់ក្បាលដីបាន ៩៦១ក្បាលដី ក្នុងនោះកម្មសិទ្ធិឯកជនមានចំនួន ៩៣៩ក្បាលដី ដីសាធារណៈរបស់រដ្ឋមានចំនួន ២២ក្បាលដី ចំពោះក្បាលដីដែលមិនទាន់ចេញបណ្ណចំនួន ៥៣៦ក្បាលដីទៀត ដោយសារក្បាលដីទាំងនោះស្ថិតក្នុងផែនទីគម្របព្រៃឈើឆ្នាំ២០០២របស់ក្រសួងកសិកម្ម និងក្បាលដីមួយចំនួនទៀតម្ចាស់ក្បាលដីពុំបានចូលរួមបំពេញទិន្នន័យ៕
ប្រភព៖រដ្ឋបាលខេត្តស្ទឹងត្រែង





