
បាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានមានប្រសាសន៍លេីកឡេីងថា កងកម្លាំងនគរបាលជាតិ គឺត្រូវតែបំពេញនូវតួនាទីភារកិច្ចនិងជាអ្នកបម្រេីសេវាជូនប្រជាពលរដ្ឋដោយភាពស្មោះត្រង់ដោយពិតប្រាកដនិងដោយគ្មានលក្ខខណ្ឌ។
ប្រសាសន៍លើកឡើងរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាស អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយទិសដៅការងារឆមាសទី១ឆ្នាំ២០២៦របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងបូកសរុបសភាពការណ៍លទ្ធផលការងារប្រចាំខែកក្កដាឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សម្រាប់កងកម្លាំងនគរបាលយកទៅអនុវត្ត។ កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោកលោកស្រី ស្នងការរង នាយការិយាល័យជំនាញ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក អធិការនគរបាលក្រុង ស្រុក និងមន្រ្តីនគរបាលពាក់ព័ន្ធជាច្រេីនរូប។
លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ បានបញ្ជាក់បន្ថែមថា ការបំពេញភារកិច្ចរក្សាសន្តិសុខ សុត្ថិភាពនិងសណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាប់ជាប្រចាំធ្វេីយ៉ាងណាឱ្យប្រជាពលរដ្ឋលោករស់នៅដោយសេចក្តីសុខនោះគឺជាតួនាទីនិងភារកិច្ចមួយយ៉ាងធំធេងហេីយ របស់កងកម្លាំងនគរបាលជាតិ ក៏ប៉ុន្តែការបម្រេីនិងផ្តល់ជូននូវសេវាផ្សេងៗទៀតជូនដល់ប្រជាពលរដ្ឋក្នុងនោះមានការផ្តល់ជូននូវសេវារដ្ឋបាលសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ការទទួលនិងសម្របសម្រួលចំពោះលិខិតស្នាមជាតម្រូវការនានាប្រចាំថ្ងៃ សម្របសម្រួល ពាក្យបណ្តឹងប្រជាពលរដ្ឋ ការចេញអន្តរាគមន៍បន្ទាន់និងឆាប់រហ័សនៅពេលប្រជាពលរដ្ឋលោកជួបប្រទះបញ្ហាណាមួយដូចជាគ្រោះធម្មជាតិ គ្រោះអគ្គិភ័យ ឬបញ្ហាដទៃទៀតនោះហេីយគឺជាចំណុចសំខាន់ដែលកងកម្លាំងនគរបាលដេីរតួជាអ្នកផ្តល់សេវាជូនគាត់ដោយភាពស្មោះត្រង់ ពិតប្រាកដនិងដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងអនុសាសន៍ដឹកនាំណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង





