
តាកែវ៖ អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុម ហ៊ុនកូរ៉េខាងត្បូង ដែលមានបំណងចុះមកសិក្សាស្រាវជ្រាវ ដើម្បីវិនិយោគលើប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងការសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់នៅក្នុងខេត្តតាកែវ។
នៅក្នុងជំនួបពិភាក្សាការងារជាមួយតំណាងក្រុម ហ៊ុន Inya Water របស់ប្រទេសកូរ៉េខាងត្បូង នៅសាលាខេត្តតាកែវ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០០២៦ នេះ ឯកឧត្តម វ៉ី សំណាង បានលើកឡើងថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវ មានទឹកស្អាតប្រើប្រាស់ប្រមាណ ៤៥% ប៉ុណ្ណោះ ចំណែកឯ ៥៥% ទៀត គឺកំពុងប្រើប្រាស់ទឹកត្រពាំង ស្រះ ឬទឹកភ្លៀង តាមរយៈអាជីវករផ្គត់ផ្គង់ទឹកស្អាតនៅតាមមូលដ្ឋាន។ ដោយឡែក ចំពោះអាងប្រព្រឹត្តិកម្មទឹកកខ្វក់វិញ ខេត្តមិនទាន់មាននៅឡើយទេ ប៉ុន្តែខេត្តមានគម្រោងនឹងស្ថាបនានៅពេលខាងមុខឆាប់ៗនេះ។
ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់បន្ថែមថា ដោយសារកំណើនប្រជាពលរដ្ឋ ជាពិសេសការកើនឡើងនៃរោងចក្រ ឯកជន និងសហគ្រាសនានានៅក្នុងខេត្តតាកែវកាន់តែច្រើន នាំឱ្យតម្រូវការប្រើប្រាស់ទឹកស្អាត និងការបង្កើតអាងប្រព្រឹត្តិកម្មទឹកកខ្វក់ដើម្បីចម្រោះកាកសំណល់ពីរោងចក្រទាំងនោះ មានការកើនឡើងខ្ពស់។ ហេតុនេះ ក្រុមហ៊ុនអាចចាប់ផ្តើមសិក្សាគម្រោងវិនិយោគនេះ នៅក្នុងស្រុកចំនួន២ ដែលមានរោងចក្រសហគ្រាសច្រើនជាងគេ គឺស្រុកបាទី និងស្រុកសំរោង។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើពន្លឿនដល់ក្រុមហ៊ុន កុំឱ្យចំណាយពេលសិក្សាយូរពេក (ប្រៀបប្រដូចទៅនឹងពាក្យស្លោក “អាំងដំរី”) ព្រោះកន្លងមក មានគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន និងអង្គការមួយចំនួន បានចំណាយពេលសិក្សារាប់ឆ្នាំ ធ្វើឱ្យតំបន់ដែលត្រូវអភិវឌ្ឍន៍នោះ ត្រូវបានប្រជាពលរដ្ឋចូលទៅរស់នៅពាសពេញអស់។
ជាការឆ្លើយតប តំណាងក្រុមហ៊ុន Inya Water បានបញ្ជាក់ថា ក្រុមហ៊ុននឹងធ្វើការសិក្សាលើគម្រោងវិនិយោគផ្គត់ផ្គង់ទឹកស្អាត និងការសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់នេះ ឱ្យបានឆាប់បំផុត គឺប្រើពេលប្រហែលជា ៦ខែប៉ុណ្ណោះ។ ជាមួយគ្នានេះ ខាងក្រុមហ៊ុនក៏បានស្នើដល់អាជ្ញាធរខេត្ត ជួយសម្របសម្រួល និងសហការនៅក្នុងអំឡុងពេលចុះសិក្សាគម្រោងវិនិយោគនេះផងដែរ៕
ប្រភពៈ រដ្ឋបាលខេត្តតាកែវ





